ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន និងលោកជំទាវបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមណ្ឌលសុខភាព ខ្លោងទ្វារ របង និងសមិទ្ធផលនានានៃមណ្ឌលសុខភាពត្រពាំងព្រីង ស្ថិតភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកតំបែរ

(ត្បូងឃ្មុំ) ៖នាព្រឹក​ថ្ងៃព្រហស្បតិ៍ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកតំបែរខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម និងលោកជំទាវបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមណ្ឌលសុខភាព ខ្លោងទ្វារ របង និងសមិទ្ធផលនានានៃមណ្ឌលសុខភាពត្រពាំងព្រីង ស្ថិតភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ក្នុងពិធីដ៏មានអត្ថន័យនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ចាយ បូរិន តំណាងរាស្រ្តមណ្ឌលត្បូងឃ្មុំ និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម លោកជំទាវអភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ លោក លោកស្រីប្រធាន និងអនុប្រធានក្រុមការងារចុះមូលដ្ឋានតាមភូមិ និងឃុំ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសរុប ៦០០នាក់។

មានមតិសំណេះសំណាលនាព្រឹកនេះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតមកជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នៅឃុំត្រពាំងព្រីង និងទូទាំងស្រុកតំបែរ និងបានជូនពរឱ្យបងប្អូនជួបតែពុទ្ធពរទាំង ៤ ប្រការ។ ហើយតាមរយៈអង្គការភូមិសន្តិភាពអន្តរជាតិ ឯកឧត្តមក៏បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះបងប្អូនប្រជាជនខ្មែរយើងកំពុងរស់នៅប្រទេសអាឡឺម៉ង់ ដែលបានរួមគ្នាលះបង់ថវិការផ្ទាល់ខ្លួនសរុប ៨០ ០០០ ដុល្លារអាមេរិក ដើម្បីសាងសងអគារមណ្ឌលសុខភាពត្រពាំងព្រីងនេះឡើងយ៉ាងល្អប្រណិត។ ឯកឧត្តមបន្ថែមថា សកម្មភាពនេះគឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលដើម្បីលើកស្ទួយវិស័យសុខាភិបាល ការផ្តល់សេវាពិនិត្យ ព្យាបាល និងថែទាំសុខភាពជូនបងប្អូនប្រជាជននៅមូលដ្ឋាន ជាពិសេសសម្រាប់ស្ត្រីមានផ្ទៃពោះ និងទារក។

ឆ្លៀតយកឱកាសនេះផងដែរ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះឯកឧត្តមអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ ឯកឧត្តម លោកជំទាវប្រធាន និងអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំ និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់កំលាំងកាយចិត្តដោះស្រាយរាល់កង្វះខាត ទុក្ខលំបាក និងបញ្ហារបស់ប្រជាជនយើងជាប្រចាំ។ ជាក់ស្តែង មណ្ឌលសុខភាពត្រពាំងព្រីងដែលបានដាក់សម្ពោធឱ្យប្រើប្រាស់នាព្រឹកនេះ គឺមិនអាចដំណើរការបាននោះទេបើមិនមានថ្នាក់ដឹកនាំ មន្ត្រីរាជការ សប្បុរសជន និងក្រុមការងារចុះមូលដ្ឋានទាំងអស់ចូលរួមបរិច្ចាគជាដី ជាគ្រឿងចក្រ ខ្លោងទ្វារ របង និងសម្ភារៈបរិក្ខារពេទ្យនានាសរុប ៣១ ២១៥ ដុល្លារអាមេរិកបន្ថែមទៀត។ កាន់តែពិសេសនោះ មណ្ឌលសុខភាពពីរបន្ថែមទៀត គឺនៅឃុំនាងទើត និងឃុំគោកស្រុក ស្រុកតំបែរនឹងចាប់ផ្តើមដំណើរការសាងសងនាពេលឆាប់ៗខាងមុខនេះផងដែរ។ សមិទ្ធផលទាំងអស់នេះ បាននិងកំពុងផ្តល់ជូនមកនូវការថែទាំសុខភាពយ៉ាងល្អប្រពៃជូនប្រជាជនយើងទាំងអស់ ហើយការងារនេះគឺជាការងារស្នូលរបស់រាជ​រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយសម្តេចតេជោ ហើយសម្តេចតេជោនឹងបន្តរួមសុខរួមទុក្ខជាមួយប្រជាជនយើងជារៀងរហូត។ ហេតុនេះ ប្រជាជននៅទូទាំងស្រុកតំបែរ ខេត្តត្បូងឃ្មុំទាំងអស់ត្រូវទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ជាពិសេសត្រូវបន្តគាំទ្រ និង​បោះឆ្នោតជូនសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

ហើយដើម្បីចូលរួមអភិវឌ្ឍន៍មូលដ្ឋាន ឯកឧត្តមក៏បានព្រះគេននូវថវិកាចំនួន ៥លានរៀលជូនដល់វត្តស្រែកក និង៥លានរៀលបន្ថែមទៀតជូនដល់វត្តបង្ហើរខ្លែង។ សម្រាប់វត្តត្រពាំងព្រីង ឯកឧត្តមក៏បានព្រះគេននូវថវិកាចំនួន ៣០លានរៀលផងដែរ ដែលក្នុងនោះ ថវិការបស់ឯកឧត្តមផ្ទាល់ចំនួន ១០លានរៀល ថវិការបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចំនួន ១០លានរៀល និងថវិការបស់ក្រុមការងារចុះមូលដ្ឋានឃុំត្រពាំងព្រីងចំនួន ១០លានរៀល។ ឧបត្ថម្ភកុំព្យូទ័រសម្រាប់ប្រជាការពារឃុំចំនួន ១គ្រឿង និងថវិកាជូនដល់ប្រជាពលរដ្ឋដែលបានចូលរួមនាព្រឹកនេះគឺក្នុងម្នាក់ៗទទួលបាន ២០ ០០០រៀល។

សូមជម្រាបជូនថា មណ្ឌលសុខភាពត្រពាំងព្រីងមានផ្ទៃដី ៥ ៤៦៩ម៉ែត្រការ៉េ មានអគារ ២ខ្នង គឺអគារមួយខ្នងបណ្តោយ ១៤ម៉ែត្រ និងទទឹង ៨,៨ម៉ែត្រសម្រាប់ទទួលពិនិត្យជំងឺទូទៅ ផ្តល់ថ្នាំបង្ការ ពិនិត្យផ្ទៃពោះ ឃ្លាំងឱសថ និងអគារមួយទៀតទំហំបណ្តោយ ៨ម៉ែត្រ និងទទឹង ៥,៤ម៉ែត្រសម្រាប់ស្ត្រីរង់ចាំសម្រាល សរុបថវិកាចំនួន ១១១ ២១៥ ដុល្លារអាមេរិក។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។