ព័ត៌មានជាតិ

សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញទស្សនកិច្ចនៅស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា

(ភ្នំពេញ)៖ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនកិច្ចនៅស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោ និងគណៈប្រតិភូ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីលោក ផាទ្រីក មូហ្វី ឯកអគ្គរដ្ឋទូតអាមេរិក និងបុគ្គលិកបម្រើការងារនៅស្ថានទូតអាមេរិក។

យោងតាមការផ្សព្វផ្សាយរបស់ស្ថានទូតអាមេរិក បានគូសបញ្ជាក់ថា ដោយសម្លឹងទៅកាន់ឆ្នាំថ្មី លោកឯកអគ្គរដ្ឋទូត មូហ្វី និងសម្តេចតេជោ ហ៊ុន សែន បានពិភាក្សាលើវិធីកែលម្អទំនាក់ទំនងទ្វេភាគី ហើយរំពឹងថា ឆ្នាំ២០២៣ នឹងជាឆ្នាំល្អប្រកបដោយផ្លែផ្កា ហើយអាចបន្តការខិតខំក្នុងការពង្រឹងមិត្តភាពរវាងប្រជាជនអាមេរិក និងប្រជាជនកម្ពុជា។
តាមរយៈការផ្សព្វផ្សាយនោះ សហរដ្ឋអាមេរិក វាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំរបស់កម្ពុជាជាប្រធានអាស៊ាន ក្នុងឆ្នាំដែលមានបញ្ហាប្រឈម ថ្នាក់តំបន់ និងសាកលលោក។
ស្ថានទូតអាមេរិក ក៏បានគូសរំលេចដែរថា ចំពោះការគាំទ្ររបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន លើកិច្ចប្រជុំកំពូលពិសេស សហរដ្ឋអាមេរិក-អាស៊ាន នៅទីក្រុងវ៉ាស៊ីនតោន ក៏ដូចជាការបដិសណ្ឋារកិច្ចចំពោះការចូលរួមរបស់លោកប្រធានាធិបតី ចូ បៃដិន ក្នុងកិច្ចប្រជុំកំពូលកាលពីខែវិច្ឆិកា នៅរាជធានីភ្នំពេញ និងការគាំទ្រចំពោះការដំឡើងភាពជាដៃគូជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ សហរដ្ឋអាមេរិក-អាស៊ាន។
ស្ថានទូតអាមេរិក ប្រកាសស្វាគមន៍ជំហររបស់កម្ពុជា ក្នុងការលើកកម្ពស់ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ការពារបូរណភាពទឹកដី និងសហការគាំទ្រដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ដែលថ្កោលទោសការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។