ព័ត៌មានជាតិ

លួចម៉ូតូបានពេលយប់ ព្រឹកឡេីងកំពុងអង្គុយដោះគ្រឿងសមត្ថកិច្ច ចូលក្របួចបាន៣នាក់ !

(ភ្នំពេញ) ៖ ជនសង្ស័យ៣នាក់កម្លាំងសមត្ថកិច្ចចុះ
ទៅបង្ក្រាបចាប់ខ្លួនយកទៅសួរនាំនិងចាត់ការតាមច្បាប់កាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ នៅបន្ទប់ជួលក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ក្រោយពីធ្វើសកម្មភាពលួចបាន កាលពីរំលងអធ្រាត្រ នៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យចាប់ខ្លួនបានទាំង៣នាក់ ៖

ទី១ ឈ្មោះ ឈិន ណុប ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ។

ទី២ ឈ្មោះ វ៉ាន់ថា បញ្ញា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ។
ទី៣ ឈ្មោះ លី ទី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលកន្លែងឃាត់ខ្លួនខាងលើ មានស្រុកកំណើត នៅភូមិកំពង់ត្របែក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ចំណែកជនរងគ្រោះឈ្មោះ សូត្រ រតនា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបុគ្គលិកហាងKTV ស្នាក់នៅបន្ទប់ជួល ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ម៉ូតូដែលជនសង្ស័យលួចយក ម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 1O-3013 តែត្រូវបានជនសង្ស័យដោះចេញបាត់ហើយ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ជិះម៉ូតូវិលត្រឡប់មកពីធ្វើការងារវិញ ចតទុកចាក់សោ ត្រឹមត្រូវនៅខាងក្រោម ហើយឡើងទៅដេកបន្ទប់ជាន់លើ លុះដល់រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ បានឃើញក្រុមជនសង្ស័យដើរឡើងទៅលើហើយចុះមកវិញបាត់ មិនបានចាប់អារម្មណ៍ រហូតដល់វេលាម៉ោង២រំលងអធ្រាត្រ ចុះមកមើល ស្រាប់តែបាត់ម៉ូតូ ដាក់ការសង្ស័យ ធ្លាប់ស្គាល់ស្រីស្នេហ៍របស់ក្រុមជនសង្ស័យផង លុះដល់ព្រឹកឡើងរត់ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ រួចនាំកម្លាំងសមត្ថកិច្ច ចុះទៅតាមរកដល់បន្ទប់ជួល របស់ក្រុមជនសង្ស័យ ក្នុងភូមិជ្រៃកោង គ្រាន់តែរុញទ្វារបើក ស្រាប់តែប្រទះឃើញក្រុមជនសង្ស័យកំពុងដោះគ្រឿង ស្លាកលេខម៉ូតូចេញ ចាប់ខ្លួនបានតែម្តង រកឃើញសម្ភារៈមួយចំនួនទៀតផង ។

ជនសង្ស័យទាំង៣នាក់ ក្រោយចាប់ខ្លួនបាន រួមជាមួយវត្ថុតាង សមត្ថកិច្ចនាំយកទៅប៉ុស្តិ៍ចោមចៅទី៣ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញខណ្ឌ ចាត់ការបន្តតាមនីតិវិធី ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។