ព័ត៌មានជាតិ

មានរៀបចំពិធីសម្ពោធសាលាពុទ្ធិកបឋមសិក្សាកម្រងវត្តមុនីរតនៈ និងដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន ៤០០នាក់ ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្ដម វេង សាខុន

(កំពង់ចាម) ៖នាវេលាម៉ោង ៨:០០ព្រឹក ថ្ងៃអាទិត្យ ៦ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នៅវត្តមុនីរតនៈ ស្ថិតនៅឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានរៀបចំពិធីសម្ពោធសាលាពុទ្ធិកបឋមសិក្សាកម្រងវត្តមុនីរតនៈ និងដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន ៤០០នាក់ ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

មានមតិសំណេះសំណាលទៅកាន់លោកយាយ លោកតា ពុទ្ធបរិស័ទ និងបងប្អូនប្រជាពលរដ្ឋ ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតមកជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នៅឃុំហាន់ជ័យ និងជាពិសេសនៅទូទាំងស្រុកកំពង់សៀម និងជូនពរដល់ប្រជាពលរដ្ឋឱ្យជួបតែពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្តមក៏បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះពុទ្ធបរិស័ទ សប្បុរសជន គណៈកម្មការអាចារ្យវត្ត និងជាពិសេសក្រុមការងារចុះមូលដ្ឋានភូមិ និងឃុំហាន់ជ័យទាំងអស់ដែលបានសាមគ្គីគ្នាយ៉ាងល្អរៀបចំពិធីបុណ្យឆ្លងនេះឡើងប្រកបដោយបរិយាកាសសប្បាយរីករាយ ដើម្បីរួមគ្នាលើកស្ទួយផ្នែកពុទ្ធចក្ររបស់យើង។ ឯកឧត្តមបន្ថែមថា បរិយាកាសសប្បាយរីករាយនេះអាចប្រព្រឹត្តទៅបាន ក៏ដោយសារកិច្ចខិតខំប្រឹងប្រែងលះបង់ទាំងកំលាំងកាយចិត្ត របស់សម្តេចតេជោដើម្បីប្រែក្លាយប្រទេសដ៏កំសត់មួយនេះ មកជាប្រទេសដែលមានធនធានពេញក្នុងដៃ ប្រកបដោយសាមគ្គីភាព និង ឯកភាពផ្ទៃក្នុងយ៉ាងរឹងមាំសម្រាប់ប្រជាពលរដ្ឋយើងបានរស់នៅជួបជុំគ្រួសារ បងប្អូន កូនចៅយ៉ាងមានក្តីសុខក្រោមម្លប់សុខសន្តិភាព។ ម្លប់សន្តិភាពនេះហើយ បានបន្តនាំមកនូវការអភិវឌ្ឍថ្មីៗជាបន្តបន្ទាប់ ព្រមជាមួយនឹងមានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសំខាន់ៗជាបន្តបន្ទាប់ ជា ពិសេសប្រទេសយើងនឹងធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្ត ការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ នាខែឧសភាខាងមុខនេះ។

ភាពជោគជ័យមួយទៀត ដែលរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោសម្រេចបានគួរជាទីមោទនៈបំផុត គឺការយកឈ្នះលើជម្ងឺឆ្លងកូវីដ-១៩ តាមរយៈយុទ្ធនាការបញ្ជាទិញវ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ មិនឱ្យខ្វះ និងការចាក់ស្រោចវ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋយើងទាំងអស់នៅគ្រប់មូលដ្ឋាន។មួយវិញទៀត ដើម្បីរក្សាលំនឹងដល់ជីវភាពគ្រួសារក្រីក្រក្នុងកិច្ចគាំពារសង្គម។ រាជរដ្ឋាភិបាលមិនត្រឹមតែមានលទ្ធភាពក្នុងការរក្សាបាននូវស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេសយើងនោះទេ ហើយថែមទាំងបាន និងកំពុងបន្តការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាផ្លូវល្បឿនលឿនជាច្រើនខ្សែជាបន្តបន្ទាប់ ផ្លូវរថភ្លើង ស្ពាន ប្រលានយន្តហោះ កំពង់ផែ មន្ទីរពេទ្យ សាលារៀន។ល។ នៅថ្ងៃអនាគត រាជរដ្ឋាភិបាលនឹងបញ្ចេញកញ្ជប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រេជាពលរដ្ឋក្រីក្រជួបការលំបាកក្នុងជីវភាពមិនប្រកាន់អាយុ និងគណបក្សណានោះទេ ទន្ទឹមនឹងនេះក៏មានគម្រោងការគាំទ្រជាច្រើនទៀត ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗបន្ថែមទៀតដែលអាចជម្រុញឲ្យុប្រទេសយើងឱ្យទទួលបានកាន់តែរីកចម្រើនថែមទៀត។

មុននឹងបញ្ចប់ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋយើងទាំងអស់ដែលគ្រប់អាយុបោះឆ្នោតនៅក្នុងឃុំហាន់ជ័យ និង ទូទាំងស្រុកកំពង់សៀម ខេត្តកំពង់ចាម ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោជាប្រធាន ទាំងអស់គ្នា ដែលនឹងប្រព្រឹត្តទៅ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

សូមជម្រាបជូនថា ដើម្បីចូលរួមក្នុងការទូទាត់ការងារសង់សង់កន្លងមក ឯកឧត្តមប្រគេនជូនព្រះចៅអធិការវត្តនូវបច្ច័យសរុបចំនួន ១៦ លានរៀល។ ហើយចំពោះប្រជាពលរដ្ឋដែលបានចូលរួមចំនួន៤០០នាក់ គឺម្នាក់ៗទទួលបាន ២០ ០០០រៀលផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។