ព័ត៌មានជាតិ

ការប្រមូលផលដំណាំស្ពៃក្តោបសុវត្ថិភាព របស់ អ៊ំស្រី ប៊ិល ហ៊ុន អាចលក់បានក្នុងតម្លៃ ៣០០០៛ /ក្នុង១គីឡូក្រាម

(ភ្នំពេញ) ៖យោងតាមព័ត៌មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ រួមជាមួយ លោក ម៉ែន វណ្ណ: ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និង ក្រុមការងារបច្ចេកទេសផលិតកម្មបន្លែ បានចុះពិនិត្យស្ថានភាពការប្រមូលផលដំណាំស្ពៃក្តោបសុវត្ថិភាព របស់អ៊ំស្រី ប៊ិល ហ៊ុន ភេទស្រី អាយុ ៦៣ ឆ្នាំ រស់នៅភូមិវត្តពោធ៍ពីរ ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។

អ៊ំស្រីបានលើកឡើងថា: គាត់បានដាំស្ពៃក្តោប ដោយប្រើប្រព័ន្ធតំណក់ទឹក លើផ្ទៃដីចំនួន១០អា អាចប្រមូលផលជាបណ្តើៗបានចំនួន ១តោន បន្ទាប់ពីគាត់បានដាំកូនបានរយ:ពេល ៧០-៩៥ថ្ងៃ និងបានលក់ស្ពៃក្តោបក្នុងតំលៃ ៣០០០៛ /ក្នុង១គីឡូក្រាម ទៅឱ្យអ្នកប្រើប្រាស់ក្នុងភូមិ អ្នកប្រមូលទិញដល់ផ្ទះ និងពេលខ្លះទៅលក់រាយនៅទីកាន់ទីផ្សារផងដែរ។

បើយោងតាមការប៉ាន់ស្មានរបស់អ៊ំស្រី បរិមាណផលសរុប មិនតិចជាង៣តោននោះទេ ក្នុងផ្ទៃដី១០អា ។ ចំពោះការចំណាយធាតុចូលក្នុង១វដ្ដផលិតកម្មដំណាំស្ពៃក្តោប សរុប ២.៥០០.០០០៛ បូកទាំងកំលាំងពលកម្ម ហើយទទួលបានប្រាក់ចំណូល ៩.០០០.០០០រៀល ទទួលបានចំណេញសុទ្ធ ស្មើ ៥.៥០០.០០០រៀល។

ឆ្លៀតក្នុងឱកាសនោះដែរក្រុមការងារមន្ទីរកសិកម្មក៏បានផ្តល់គ្រាប់ពូជ ចំនួន២កញ្ចប់ធំ ស្មើនឹង២០កញ្ចប់តូច និង សៀវភៅឯកសារបច្ចេកទេស ដំណាំស្ពៃក្តោប ដំណាំត្រប់ ក្រូចឆ្មារ ប៉េងប៉ោះ និង ត្រឡាច ចំនួន០៥ក្បាល ជូនទៅអ៊ំស្រីផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។