ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន កំណត់យកពេលវេលាជួបជាមួយមេដឹកនាំគណបក្សភ្លើងទៀន នៅវិមានសន្តិភាព ក្រោយការបោះឆ្នោតសកល

(ភ្នំពេញ) ៖ នៅយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសចេញសារទាំងកណ្តាលរាត្រីថា កំណត់យកពេលវេលាម៉ោង៩ព្រឹក ថ្ងៃទី៣០​ ខែកក្កដា ឆ្នាំ២០២៣ ជួបជាមួយមេដឹកនាំគណបក្សភ្លើងទៀន នាវិមានសន្តិភាព នៅក្រោយការបោះឆ្នោត។

ការកំណត់ពេលវេលារបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីមេដឹកនាំគណបក្សភ្លើងទៀន បានធ្វើលិខិតស្នើសុំជួបសម្តែងការគួរសមចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

បន្ទាប់ពីទទួលបានលិខិតរបស់មេដឹកនាំគណបក្សភ្លើងទៀន សម្តេចតេជោ ហ៊ុន សែន បានចេញសារឆ្លើយតបយ៉ាងដូច្នេះថា៖

«ថ្ងៃនេះជាមួយ និងសារគំរាមបង្កចលាចលទូទាំងប្រទេស ក្រោមហេតុផលតស៊ូមតិ ដោយសេចក្តីប្រកាសព័ត៌មានផង និងដោយការប្រកាសរបស់ រ៉ុង ឈុន ផង ខ្ញុំក៏ទទួលបានលិខិតរបស់ប្រធានគណបក្សភ្លើងទៀន សុំជួបសំដែងការគួរសម ដែលនាំមកដោយ ជា ប៉ូច។

តើ ភ្លើងទៀន ចង់បានអ្វីពិតប្រាកដបានជាបញ្ជូនសារដ៏ច្របូកច្របល់បែបនេះ? បង្កចលាចលមុនការបោះឆ្នោត? បំផ្លាញការបោះឆ្នោត? ពហិការមិនចូលរួមការបោះ​ឆ្នោតតែទម្លាក់កំហុសឲ្យ គ.ជ.ប ឬ ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងករណីស្ថាប័នទាំងពីរបដិសេដ្ឋមិនឲ្យចុះឈ្មោបោះឆ្នោត ដែលវាជាកំហុសរបស់គណបក្សផ្ទាល់។

សម្រាប់លិខិតសុំជួប បែរជាប្រើ ជា បូច ដែលជាមនុស្សទើបបានប្តេជ្ញាចិត្តផ្តួលរំលំខ្ញុំប្រហែល២ខែមុននេះ។ (សូមស្តាប់សម្លេង ជា ប៉ូច ដែលបាននិយាយនិងផ្សព្វផ្សាយកន្លងមក)។ ខ្ញុំក៏ចង់បានការពន្យល់ពី ជា ប៉ូច តើរបៀបទម្លាក់ ហ៊ុន សែន ដោយវិធីណា?។

អាស្រ័យដោយភាពមិនច្បាស់លាស់ និងដោយខ្ញុំជាប់រវល់ផង ខ្ញុំសូមកំណត់យក ម៉ោង៩ថ្ងៃ៣០ កក្កដា ២០២៣ នៅវិមានសន្តិភាព គឺជួបគ្នា ក្រោយការបោះឆ្នោត»៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។