ព័ត៌មានជាតិ

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ​ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិត,ទស្សនាពិព័រណ៍សមិទ្ធផល និងដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ នៅក្រុងព្រះសីហនុ

(ព្រះសីហន) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយឯកឧត្តម វ៉ង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវីធីចំនួន៣ ក្នុងថ្ងៃតែមួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុរួមមាន៖ ទី១-កម្មវិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត, ទី២-ទស្សនាពិព័រណ៍សមិទ្ធផល ,ទី៣-ពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយនៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលនឹងផ្តល់ការឧបត្ថម្ភបន្ថែមទៀត ដល់កម្មការិនីទាំងអស់ចាប់ផ្តើមមានផ្ទៃពោះដំបូងរហូតដល់កូនមានអាយុ២ឆ្នំា។

សម្តេចតេជោ ហ៊ុន សែន ប្រកាសក្របខណ្ឌគោលនយោបាយចំពោះកម្មការិនីមានផ្ទៃពោះថា បច្ចុប្បន្នរាជរដ្ឋាភិបាលមានកម្មវិធីមួយដែលកំពុងអនុវត្តដោយក្រសួងសង្គមកិច្ច ដែលមកដល់ពេលនេះ មានស្រ្ដីចំនួនជិត៥សែនគ្រួសារ ដោយបានប្រើថវិកាអស់ចំនួន ១៥០០០ លានដុល្លាររួចហើយ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មេរោគកូវីដ១៩ហាក់បីដូចជាបានចាប់ផ្តើមរើឡើងវិញ បន្តិចហើយ ដូច្នេះបងប្អូនទាំងអស់គប្បីត្រូវបន្តប្រុងប្រយ័ត្នចំពោះករណីនេះ។

សម្តេចតេជោ បានចំអកឲ្យគណបក្សនយោបាយមួយចំនួន ដែលតែងតែអួតអាង និងសន្យា ខ្យល់ក្នុងការដំឡើងប្រាក់ខែដល់បងប្អូនកម្មករ-កម្មការិនី ខណៈការសន្យាបែបនេះ រាជរដ្ឋាភិបាលពុំដែលបាននិយាយនោះទេ គឺមានតែដំឡើងជូនដល់ពួកគាត់តាមជាក់ស្តែង តាមរយៈគោលនយោបាយបន្តិចម្តងៗ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវវដល់បងប្អូនកម្មករ-កម្មការិនីបន្តចូលរួមការពារ សុខសន្តិភាពឲ្យខាងតែបាន ខណៈសន្តិភាពនេះ គឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលអាចថែរក្សាបាន ហើយមានតែគណបក្សប្រជាជនទេ ដែលការពារនូវឆ្នាំងបាយរបស់បងប្អូននោះ។

សម្តេចតេជោ ហ៊ុន សែន អរគុណដល់ប្រធានតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ដែលបានទាក់ទាញរោងចក្រមកក្នុងខេត្តនេះដល់បច្ចុប្បន្នមានចំនួន ១៧៥ រោងចក្រ ដែលបានផ្ដល់ការងារដល់ប្រជាពលរដ្ឋខ្មែររាប់លាននាក់។ ដូច្នេះសម្ដេចណែនាំឱ្យការពារតំបន់សេដ្ឋកិច្ចពិសេសនេះឱ្យបាន ដើម្បីជំរុញដល់ការទាក់ទាញរោងចក្រមកបន្ថែមទៀត។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រវាងកម្មករ និងម្ចាស់រោងចក្រ គឺត្រូវមានការបំពេញឱ្យគ្នាទៅវិញទៅមក ត្រូវតែធ្វើការជាមួយគ្នា មិនអាចមើលគ្នាជាសត្រូវទេ។ ថៅកែត្រូវយកចិត្តទុកដាក់ សុខទុក្ខជាមួយកម្មករ ព្រោះនៅពេលកម្មករមានសុខភាពល្អនឹងធ្វើការដែលផ្ដល់អត្ថប្រយោជន៍ល្អដល់រោងចក្រវិញដូចគ្នា។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទាក់ទិននឹងខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងនៃមិត្តភាពកម្ពុជា-ចិន និងខួប១០ឆ្នាំ នៃការបង្កើតទំនាក់ទំនង គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយនៅកម្ពុជា។ សម្រាប់ខួបលើកទី៦៥ឆ្នាំនេះ សម្ដេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងរហូតបង្កើតបាននូវមិត្តភាពដៃគូអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ ក្លាយជាមិត្តភាពដែកថែម ហើយឈានមកដល់ពេលនេះ ឈានដល់ការបង្កើតទំនាក់ទំនងត្បូងពេជ្របន្ថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិន មានភាពរឹងមាំបែបនេះ ដោយសារគោលនយោបាយរបស់ប្រទេសទាំងពីរដូចគ្នា គឺបានប្រកាន់ភ្ជាប់នូវរាល់គំនិតផ្ដួចផ្ដើមទាំងអស់ដោយបម្រើឱ្យសន្ដិភាព និងការអភិវឌ្ឍ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលសម្រេចយកខេត្តបាត់ដំបង ប៉ៃលិន និងខេត្តពោធិ៍សាត់ ជាប៉ូលសេដ្ឋកិច្ចពិសេសទី៤របស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា គោលនយោបាយឧស្សាហកម្មរបស់កម្ពុជាទៅមិត្តិចិនថា មានចំនួនពីរ គឺការកែច្នៃវត្ថុធាតុដើមដែលកម្ពុជាមានស្រាប់ ដូចជា កៅស៊ូ ស្វាយចន្ទី ស្រូវ និងវត្ថុធាតុដើមផ្សេងទៀតដែលកម្ពុជាមានដើម្បីបង្កើនតម្លៃបន្ថែម។ ទី២ គឺការវិនិយោគបច្ចេកវិទ្យាជាន់ខ្ពស់មកកាន់កម្ពុជា ដែលគោនយោបាយទាំងនេះនឹងអាចទាក់ទាញវិនិយោគបន្ថែមមកកាន់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្រ្ដីពាក់ព័ន្ធចំពោះការផ្ដល់របាយការណ៍នានាដល់សម្ដេច ត្រូវសរសេរភ្ជាប់នូវអក្សរខ្មែរផង និងអង់គ្លេសផង ចាំយកមក ជូនសម្ដេច ដូចជាករណីឈ្មោះក្រុមហ៊ុន ឬឈ្មោះបុគ្គលដែលជាបរទេសជាដើម។

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។