ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម អញ្ជើញទស្សនកិច្ចសហគមន៍កែច្នៃគ្រាប់ស្វាយចន្ទី និងបណ្តុំអាជីវកម្មម្នាស់ទឹកឃ្មុំ ស្ថិតនៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង

(ស្ទឹងត្រែង) ៖ នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញទស្សនកិច្ចសហគមន៍កែច្នៃគ្រាប់ស្វាយចន្ទី នៅភូមិកោះក្រូច ឃុំស្រែក្រសាំង និងបណ្តុំអាជីវកម្មម្នាស់ទឹកឃ្មុំ ស្ថិតនៅភូមិអូរឫស្សីកណ្តាល ឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

ក្នុងទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យឯកឧត្តមអភិបាលខេត្តស្ទឹងត្រែងជួយគាំទ្រពលរដ្ឋលើដំណាំឧស្សាហកម្មក្នុងខេត្តទាំងស្វាយចន្ទី និងម្នាស់ ទាំងក្នុងខ្សែច្រវាក់ផលិតកម្ម និងការកែច្នៃ ដូចជាការកែច្នៃទឹកម្នាស់ឬស្រាម្នាស់ និងការកែច្នៃគ្រាប់ស្វាយចន្ទី។

លើសពីនេះទៀត គឺការសម្របសម្រួល ដើម្បីឱ្យកសិករទទួលបានប្រាក់កញ្ចីសម្រាប់ផលិតកម្ម អាជីវកម្ម ដែលមានការប្រាក់ទាប ដើម្បីពង្រីកអាជីវកម្ម ពិសេសការទិញទំនិញឱ្យទាន់សភាពការណ៍ កាត់បន្ថយចំណាយ លក់បានថ្លៃ បានចំណូល មានចំណេញ មានប្រសិទ្ធភាពនិងនិរន្តរភាពសេដ្ឋកិច្ច។ ការងារគឺទាមទារឱ្យមានការសិក្សាពីខ្សែច្រវាក់ផលិតកម្ម និងទីផ្សារ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ និងតម្លៃល្អ ដែលអាចឱ្យកសិករទទួលបានចំណូល និងប្រាក់ចំណេញពេញមួយឆ្នាំ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។