ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតសហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី

(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី​១៩​ ខែមិថុនា​ ឆ្នាំ​២០២៣ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានចូលរួមជាអធិបតីភាពក្នុងពិធីបើកសន្និបាតសហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។

ឯកឧត្តមរដ្ឋមន្ត្រី បានឡើងថា ពិធិបើកសន្និបាតថ្ងៃនេះ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការអនុវត្តការងារ ដើម្បីបន្តនិរន្តរភាពវិស័យជលផល។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់អង្គពិធីត្រូវយកឱកាសដ៏មានតម្លៃនេះ ពិនិត្យលើបញ្ហាប្រឈមជាក់ស្តែង​ និង​រួមគ្នារកវិធីដោះស្រាយ ដើម្បីការពារធនធាននេសាទឱ្យបានប្រសើរ​​ តាមរយៈការចូលរួមទប់ស្កាត់បទល្មេីសនេសាទ​ខុសច្បាប់​ និងតម្រង់ទិសជនខិលខូចឱ្យប្រព្រឹត្តិត្រូវវិញ។

នាឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់សហគមន៍ឱ្យមានភាពម្ចាស់ការ ធ្វើការងារនេះដោយបេះដូងដើម្បីប្រយោជន៍រួមគ្នាតែមួយទាំងប្រជាជនសហគមន៍និងធនធានធម្មជាតិ។

ទាក់ទងនឹងការងារនេះ គឺចាំបាច់ត្រូវពង្រឹងសមត្ថភាព ផ្តល់ចំណេះដឹងដល់សហគមន៍ឱ្យយល់ពីបច្ចេកទេស និងបទដ្ឋានច្បាប់ឱ្យបានច្បាស់លាស់ ព្រមទាំងតុល្យភាពនៃការអភិរក្សនិងអភិវឌ្ឍធនធានជលផល។ លើសពីនេះទៀត គឺប្រសិទ្ធភាពនៃការអនុវត្ត ដោយត្រូវគោរពតាមបទបញ្ញតិបច្ចេកទេស ដូចជារដូវបិទនេសាទជាដើម។ ចំណែកការបង្រ្កាបបទល្មើសជលផលនានា ត្រូវធ្វើឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត តាមរយៈការក្តាប់ព័ត៌មានឱ្យបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងត្រូវមានការសហការពីអាជ្ញាធរខេត្ត និងជលផល។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី ការកំណត់ដែននេសាទ គឺត្រូវយកចិត្តទុកគិតគូរឱ្យមានលក្ខណៈវិទ្យាសាស្ត្រ សេដ្ឋកិច្ច និងនិរន្តរភាពពិតប្រាកដ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។