ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យកំណត់អាយុត្រឹម៧៤ឆ្នាំចុះ ទើបអាចឈរឈ្មោះក្នុងតំណែងជាសមាជិកព្រឹទ្ធសភា

(ភ្នំពេញ)៖ ក្នុងជំនួបពិសារអាហារសាមគ្គីរវាងសមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ជាមួយសមាជិករាជរដ្ឋាភិបាលក្នុងអាណត្តិចាស់ និងសមាជិករាជរដ្ឋាភិបាលអាណត្តិថ្មី នៅល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើឲ្យកំណត់អាយុត្រឹមអាយុ៧៤ឆ្នាំចុះប៉ុណ្ណោះ ទើបអាចឈរឈ្មោះក្នុងតំណែងជាសមាជិកព្រឹទ្ធសភាបាន។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, សម្តេចផ្ទាល់អាចស្ថិតនៅក្នុងស្ថាប័នព្រឹទ្ធសភា ក្នុងរយៈពេលត្រឹមតែមួយអាណត្តិប៉ុណ្ណោះ ព្រោះសម្តេចមានវ័យកាន់តែចាស់ហើយ ហើយដើម្បីទុកឱកាសឲ្យយុវជន បន្តវេនរបស់យើងដឹកនាំបន្ត។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសថា ក្រោយពេលសម្តេចលាឈប់ពីរាជរដ្ឋាភិបាល សម្តេចនឹងត្រូវព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ហើយក្រោយកទៀតសម្តេច នឹងទៅកាន់តំណែងជាប្រធានព្រឹទ្ធសភា ជំនួសសម្តេចវិបុលសេនាភក្តី សាយ​ ឈុំ នៅក្នុងនីតិកាលថ្មីខាងមុខនេះ ​បន្ទាប់ពីបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

សូមជម្រាបថា អាណត្តិថ្មីនៃរាជរដ្ឋាភិបាលកម្ពុជា ដែលនឹងមានសុពលភាព​ចាប់​ពី​ថ្ងៃទី២២ ខែសីហាតទៅ គឺមានការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មីស្ទើរតែទាំង​ស្រុង​ដោយមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ នៃការដឹកនាំប្រទេសមកពីគណបក្សប្រជាជនកម្ពុជា គណបក្សដែលឈ្នះឆ្នោតនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាត់ទុកជាការផ្លាស់ប្តូរ ដើម្បីធានាស្ថេរភាពសង្គម និងការអភិវឌ្ឍន៍មួយយូរអង្វែង។

ការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំរាជរដ្ឋាភិបាលសម្រាប់អាណត្តិថ្មីនេះ ទទួលបានការសាទរជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ ជាមួយក្តីរំពឹងថា ក្រោមកិច្ចបន្តវេនរបស់ឯកឧត្តមកិត្តិទេសាបណ្ឌិត ហ៊ុន ម៉ាណែត នឹងធ្វើឱ្យកម្ពុជារក្សា បានសុខសន្តិភាព និងការអភិវឌ្ឍន៍ជាបន្តទៀត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។