ព័ត៌មានជាតិ

រដ្ឋមន្ត្រីកសិកម្ម ទទួលជួបជាមួយលោកជំទាវ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុប (EU) ប្រចាំនៅកម្ពុជា ដែលនឹងចប់អាណត្តិបេសកកម្មការទូត

(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបជាមួយលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុប(EU) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលនឹងចប់អាណត្តិបេសកកម្មការទូត នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណសម្រាប់កិច្ចសហប្រតិបត្តិការល្អក្នុងការចូលរួមគាំទ្រ និងអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យមានភាពប្រសើរឡើង ព្រមទាំងស្នើបន្តកិច្ចសហការល្អជាមួយគ្នានៅអាណត្តិថ្មី ជាពិសេសការជំរុញអនុវិស័យជលផលទាំងទឹកសាប និងទឹកប្រៃ។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងបាននិងកំពុងយកចិត្តទុកដាក់ក្តាប់ស្ថានភាពកសិកម្មទាំងទិដ្ឋភាពបច្ចេកទេសនិងនយោបាយ គៀងគរឱ្យមានការចូលរួមពីវិស័យឯកជន និងដៃគូរអភិវឌ្ឍន៍ ដើម្បីជំរុញកម្មវិធីផ្សព្វផ្សាយកសិកម្មឱ្យកាន់តែខិតជិតកសិករនិងក្រុមអ្នកផលិត មានភាពម្ចាស់ការ ធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់តម្លៃ ធានាបាននូវសន្តិសុខស្បៀងនិងស្ថិរភាពតម្លៃនៅទូទាំងប្រទេស ព្រមទាំងការអនុវត្តយុទ្ធសាស្ត្រកាត់បន្ថយថ្លៃដើម កាត់បន្ថយការចំណាយផ្សេងៗ ដើម្បីជួយឱ្យកសិករទទួលបានផលចំណេញ មានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច ក្នុងការចូលរួមជំរុញសេដ្ឋកិច្ចប្រទេសកម្ពុជា ឱ្យក្លាយប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។