ព័ត៌មានជាតិ

ព្រះរាជាណាចក្រកម្ពុជា ប្រារព្ធពិធីអបអរសាទរទិវារំលឹកខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ

(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃសុក្រទី៦ ខែតុលា ឆ្នាំ ២០២៣ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យស្តេចយាង ជាព្រះរាជាធិបតី ប្រារព្ធពិធីអបអរសាទរទិវារំលឹកខួប ៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ។

ក្នុងពិធីនោះមានការអញ្ជើញដង្ហែព្រះរាជដំណើរព្រះមហាក្សត្រ ពីសំណាក់សម្តេច ថ្នាក់ដឹកនាំ កំពូលនៃស្ថាប័នជាតិ សម្តេចជាឥស្សរជនរបស់ជាតិ ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជាច្រើនកុះករ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានគូសបញ្ជាក់ថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺជាសមិទ្ធផលប្រវត្តិសាស្រ្តដែលត្រូវបានអនុម័តដោយសភាធម្មនុញ្ញនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ដែលព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ទ្រង់បានឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើ។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម បានបន្តថា សភាធម្មនុញ្ញ បានតាក់តែងរក្សាឱ្យមានមកវិញ នូវគុណតម្លៃប្រពៃណីខ្មែរ គឺជាតិ សាសនា ព្រះមហាក្សត្រ អមជាមួយគុណតម្លៃធម្មនុញ្ញទំនើបជាមូលដ្ឋានគ្រឹះ គឺប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ ដោយបញ្ចូលទាំងស្រុង និងលម្អិតនូវខ្លឹមសារនៃឧបសម្ព័ន្ធទី៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ការបន្សាំបន្ស៊ីគ្នានៃគុណតម្លៃទាំងពីរ បានបង្កប់នូវកម្លាំងសម្របសម្រួល និងជំរុញរួមគ្នា ក្នុងការដោះស្រាយបញ្ហានយោបាយ និងបញ្ហាច្បាប់ ដោយរក្សាបាននូវភាពសុខដុមរមនាក្នុងសង្គម។

នៅក្នុងឱកាសដ៏ថ្លៃថ្លានេះដែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានថ្លែងកោតសរសើរចំពោះសម្តេច ឯកឧត្តម លោកជំទាវ ប្រធាន និងសមាជិក សមាជិកា នៃក្រុមប្រឹក្សាធម្មនុញ្ញ គ្រប់អាណត្តិ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន ក្នុងសតិសម្បជញ្ញៈ ដើម្បីគុណប្រយោជន៍នៃឯករាជ្យជាតិ បូរណភាពទឹកដី អធិបតេយ្យភាព សន្តិភាព សេចក្តីសុខ ជីវភាពសម្បូណ៍សប្បាយ ថ្កុំថ្កើងរុងរឿង របស់ប្រជាជាតិខ្មែរ និងស្ថិរភាពសង្គមក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានជំនឿយ៉ាងមុតមាំថា ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ គ្រប់ស្ថាប័នជាតិ នឹងបន្តបំពេញភារកិច្ចតាមតួនាទីរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានាដល់កិច្ចអភិវឌ្ឍន៍ប្រជាជាតិយើង ឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍជាតិឆ្នាំ២០៣០ និងឆ្នាំ២០៥០ ក្លាយជាប្រទេសរីកចម្រើនរឹងមាំ ប្រជារាស្រ្តខ្មែរមានជីវភាពធូរធារសម្បូណ៍រុងរឿងរស់ក្នុងសុខសន្តិភាព ស្ថិរភាពជានិច្ចនិរន្តរ៍តទៅ៕

#ក្រោមម្លប់សន្តិភាព

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។