ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីត្រួតពិនិត្យ និងដាក់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺផ្កាសាយបក្សី H5N1 ស្ថិតក្នុងភូមិសាស្ត្រផ្ទុះជំងឺនៃ ស្រុកកំចាយមារ

(ព្រៃវែង) ៖ ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីត្រួតពិនិត្យ និងដាក់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺផ្កាសាយបក្សី H5N1 ស្ថិតក្នុងភូមិសាស្ត្រផ្ទុះជំងឺនៃ ស្រុកកំចាយមារ។

បន្ទាប់ពីកិច្ចប្រជុំ ឯកឧត្តមអភិបាលខេត្ត ក៏បានអញ្ជើញទៅជួបសំណេះសំណាលសួរសុខទុក្ខ និងរំលែកមរណទុក្ខក្រុមគ្រួសារកុមារីដែលបានមរណភាពដោយសារជំងឺផ្ដាសាយបក្សី H5N1 ស្ថិតនៅភូមិវាល ឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។

សូមបញ្ជាក់ជូនថា យោងតាមរបាយការណ៍សង្ខេបលទ្ធផលសំណាកនៃករណីសង្ស័យផ្តាសសាយបក្សី របស់មន្ទីពិសោធន៍ជាតិសុខភាពសាធារណៈ នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ Summary of Testing Results from Bird Flu Suspected Outbreak Cases The National Public Health Laboratory, the National Institute of Public Health

នៅថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០២៣ ម៉ោង២កន្លះល្ងាច ក្រុមការងារមន្ទីរពិសោធន៍នៃវិទ្យាស្ថាន ជាតិសុខភាពសាធារណៈបានទទួលសំណាកមួយ ពីមន្ទីរពេទ្យកុមារជាតិ ដែលបញ្ជូនតាមរយៈប្រព័ន្ធតាម ដានជម្ងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ និងស្រួចស្រាវ (Severe Acute Respiratory Infection Surveillance System)។ សំណាកនោះ ជាសំណាកយកពីច្រមុះ និងបំពង់ករបស់កុមារី អាយុ២ឆ្នាំ មានលំនៅដ្ឋាននៅភូមិវាល ឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ កុមារីនោះ ត្រូវបានបញ្ជូនមកសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យកុមារជាតិ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ដោយមានរោគសញ្ញារលាកផ្លូវដង្ហើមចាប់តាំងពី ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣។

លុះដល់ថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារមន្ទីរពិសោធន៍អ៊ឺរុសសាស្ត្រ នៃវិទ្យាស្ថានជាតិ សុខភាពសាធារណៈ បានយកសំណាកនោះ ទៅធ្វើតេស្តម៉ូលេគុលឺ ចំនួនពីរលើក ហើយរកឃើញវត្តមាន មេរោគផ្តាសាយបក្សី (Influenza A/H5N1) ក្នុងសំណាកនោះ។

ក្រុមការងារមន្ទីរពិសោធន៍នឹងធ្វើការវិភាគបន្តរកពូជនៃមេរោគ (Clade of Influenza A/H5N1) នេះបន្តទៀត ហើយលទ្ធផលនឹងផ្ដល់ជូននាពេលក្រោយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។