ព័ត៌មានជាតិ

រដ្ធបាលខេត្តសៀមរាប កិច្ចប្រជុំបង្ហាញជាមុននូវលទ្ធផលនៃការសិក្សា​ ស្រាវជ្រាវ រៀបចំផែនការយុទ្ធសាស្ត្រប្រព័ន្ធស្បៀង និងអាហាររូបត្ថម្ភ

(សៀមរាប) ៖ នៅព្រឹកថ្ងៃអង្គារ៍ ០២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំបង្ហាញជាមុននូវលទ្ធផលនៃការសិក្សាស្រាវជ្រាវ រៀបចំផែនការយុទ្ធសាស្ត្រ​ ប្រព័ន្ធស្បៀង និងអាហាររូបត្ថម្ភ ដែលដឹកនាំដោយលោក សុខ ថុល អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងមានការចូលរួមពីតំណាងមន្ទីរ-អង្គភាព តំណាងទីចាត់ការផែនការ និងវិនិយោគ តំណាងអង្គការអាគ្រីស៊ុត និងអង្គការ GRET ។

កិច្ចប្រជុំនេះធ្វេីឡេីងដេីម្បីបង្ហាញជាមុននូវលទ្ឋផលដែលក្រុមការងារនៃអង្គការ GRET បានចុះសិក្សានៅតាមមូលដ្ឋាន ក្នុងខេត្តសៀមរាប ក្នុងការត្រៀមរៀបចំសិក្ខាសាលាផ្សព្វផ្សាយ បង្ហាញលទ្ធផលដែលបានរកឃើញ ព្រមទាំងស្វែងរកធាតុចូល ដើម្បីកសាងផែនការយុទ្ឋសាស្ត្រប្រព័ន្ធស្បៀង និងអាហាររូបត្ថម្ភ នាថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៣ ខាងមុខ ។

សូមបញ្ជាក់​ថា​ យុទ្ធសាស្ត្រប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភ គឺជាយុទ្ធសាស្ត្រដែលផ្ដោតសំខាន់ទៅលើភាពចម្រុះទាក់ទងនឹងសហគមន៍ ធនធានធម្មជាតិ គោលនយោបាយ អាជ្ញាធរមូលដ្ឋាន បរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ ប្រវត្តិសាស្ត្រ សេដ្ឋកិច្ច ។ល។ ដែលវិធីសាស្ត្រនេះគឺ ដើម្បីសម្រេចគោលបំណងតែមួយគត់ គឺមិនមែនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឬការកែលម្អការអប់រំ
ប៉ុណ្ណោះទេ ប៉ុន្តែដើម្បីគ្រប់គ្រងទំនាក់ទំនងជាយុទ្ធសាស្ត្ររវាងកំណើនសេដ្ឋកិច្ច បរិយាបន្នសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព។

គោលបំណង​ នៃការវិភាគទៅលើប្រព័ន្ធស្បៀង និងអាហាររូបត្ថម្ភនេះ គឺដើម្បីកំណត់ពីសក្ដានុពលដែលកំពុងបន្តកើតមាននៅក្នុងខេត្តសៀមរាប ទាក់ទងនឹងផ្នែកសេដ្ឋកិច្ច នយោបាយ និងលទ្ធភាព ដែលវាអាចប៉ះពាល់ដល់ខេត្តក្នុងរយៈពេល​ ១០ឆ្នាំខាងមុខ ហើយដំណើរការនេះត្រូវបានអនុវត្តជា ២ជំហាន ជំហានដំបូង ផ្តោតលើការវិវត្តន៍ក្នុងអំឡុងពេល ១០ ឆ្នាំចុងក្រោយ ដោយការវិភាគទៅលើឯកសារពាក់ព័ន្ធ ជំហានទី២ ផ្តោតលើការកំណត់អត្តសញ្ញាណអ្នកដើរតួនាទីសំខាន់ ក្នុងប្រព័ន្ធស្បៀងក្នុងខេត្តសៀមរាប ។ ការរកឃើញដោយផ្អែកលើវិធីសាស្រ្តស្រាវជ្រាវ ដែលនឹងត្រូវធ្វើបទបង្ហាញនៅក្នុងសិក្ខាសាលានាថ្ងៃខាងមុខ ដើម្បីផ្តល់នូវសម្មតិកម្មថ្មីមួយ ថាតើប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភ នៅក្នុងខេត្តសៀមរាប នឹងទៅជាយ៉ាងណាក្នុងរយៈពេល១០ឆ្នាំខាងមុខ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។