ព័ត៌មានជាតិ

ពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តសៀមរាប

(សៀមរាប) ៖ នារសៀល​ ថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចវាស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣​ ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ បានអញ្ជើញក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងរបស់ឯកឧត្តម ហុក វ៉ាន់ធីណា ជាប្រធានសាលាដំបូងខេត្តសៀមរាប ជំនួស ឯកឧត្តម ជឺ សុខ ដែលត្រូវបានផ្ទេរភារកិច្ចទៅជាប្រធានសាលាដំបូងខេត្តកណ្តាល​ ក្រោមអធិបតីភាព​ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌​ និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អ៊ាន​ ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ឯកឧត្តម សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រ​ម​ ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ឯកឧត្តមប្រធានសាលាឧទ្ធរណ៍បាត់ដំបង ឯកឧត្តមអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង, ឯកឧត្តមប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តនានា ព្រមទាំងលោក លោកស្រីជាចៅក្រម ព្រះរាជអាជ្ញារង មន្រ្តីតុលាការ និងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀត។

ឯកឧត្តម​ ប្រាក់​ សោភ័ណ​ បានថ្លែងអំណរគុណដល់ឯកឧត្តម ជឺ សុខ ដែលបានបំពេញបេសកកម្មជោគជ័យក្នុងខេត្តសៀមាបនាពេលកន្លងមក​ ពេលនេះឯកឧត្តម​ ក៏ត្រូវបានផ្ទេរភារកិច្ចបំពេញការងារជាប្រធានសាលាដំបូងខេត្តកណ្តាល។ ម្យ៉ាងទៀត​ សូមអបអរសាទរឯកឧត្តម ហុក វ៉ាន់ធីណា ដែលបានមកបំពេញបេសកកម្មជាប្រធានសាលាដំបូងខេត្តសៀមរាប។

នាឱកាសនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប​ អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការល្អជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប នាពេលកន្លងមក ហើយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានស្នើឱ្យបន្តផ្តល់កិច្ចសហការល្អនេះបន្តទៀត ដើម្បីឱ្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប អនុវត្តតួនាទីរបស់ខ្លួនដោយរលូន និងប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ក៏ដូចជា មន្ត្រីអនុវត្តច្បាប់ដែលមានការពាក់ព័ន្ធទាំងអស់អំពីទិសដៅការងារកែទម្រង់វិស័យយុត្តិធម៌របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តចាត់ទុក “ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌” ជាការងារអាទិភាព និងបានរៀបចំការងារកែទម្រង់នេះជាមុំមួយដ៏សំខាន់ក្នុងចំណោមមុំទាំង ៥ ដែលបង្កើតបានជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តដោយ សម្តេចប្រមុខរាជរដ្ឋាភិបាល នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី១ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ក៏ដូចជា មន្ត្រីអនុវត្តច្បាប់នឹងចូលអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១​នេះឱ្យមានប្រសិទ្ធភាព​ទាំងអស់គ្នា។ ជាមួយគ្នានេះ​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់កិត្តិយសយ៉ាងឧត្តុង្គឧត្តមក្នុងការបំពាក់គ្រឿងឥស្សរយយសដល់ចៅក្រម ព្រះរាជអាជ្ញារង និងមន្ត្រីរាជការនៃសាលាដំបូងខេត្តសៀមរាបសរុបចំនួន ៧ រូប ផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។