ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់

(ភ្នពេញ) ៖ នៅព្រឹកថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជាអធិបតីក្នុងកិច្ចប្រជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នៅវិមានសន្តិភាព។

ក្នុងកិច្ចប្រជុំនេះ មានគណបក្សជាសមាជិកចំនួន២៩ ក្នុងនោះមានទាំងគណបក្សប្រជាជនកម្ពុជាផងដែរ បានចូលរួមនៅក្នុងកិច្ចប្រជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងដោយមានការចូលរួមពីឥស្សរជនក្នុងជួររាជរដ្ឋាភិបាល ប្រតិភូគណបក្សនយោបាយ និងមន្រ្តីពាក់ព័ន្ធសរុប ២១២នាក់។

គណបក្សនយោបាយ ដែលបានចូលរួមក្នុងក្នុងកិច្ចប្រជុំនេះ រួមមានដូចជា៖
១-គណបក្ស ប្រជាជនកម្ពុជា
២-គណបក្ស ខ្មែររួបរួមជាតិ
៣-គណបក្ស ពន្លឺថ្មី
៤-គណបក្ស សញ្ញាតិកម្ពុជា
៥-គណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
៦-គណបក្ស នគរប្រជាធិបតេយ្យ
៧-គណបក្ស រស្មីខេមរា
៨-គណបក្ស ខ្មែរសាធរណរដ្ឋ
៩-គណបក្ស ហ៊ុនស៊ិនប៉ិច
១០-គណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
១១-គណបក្ស យុវជនកម្ពុជា
១២-គណបក្ស ធម្មាធិបតេយ្យ
១៣-គណបក្ស ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា
១៤-គណបក្ស ខ្មែរតែមួយ
១៥-គណបក្ស កម្លាំប្រជាធិបតេយ្យ
១៦-គណបក្ស កសិករ
១៧-គណបក្ស ស្ត្រីដើម្បីស្ត្រី
១៨-គណបក្ស បំណងពលរដ្ឋ
១៩-គណបក្ស ឯកភាពជាតិខ្មែរ
២០-គណបក្ស ខ្មែរអភិរក្ស
២១-គណបក្ស អំណាចប្រជាពលរដ្ឋ
២២-គណបក្ស មហាសាមគ្គីជាតិខ្មែរ
២៣-គណបក្ស ខ្មែរអង្គរ
២៤-គណបក្ស អភិវឌ្ឍន៍កម្ពុជា
២៥-គណបក្ស មហានគរ
២៦-គណបក្ស ខ្មែរឈ្នះ
២៧-គណបក្ស កម្ពុជាសេរី ឯករាជ្យ ប្រជាធិបតេយ្យ
២៨-គណបក្ស មូលីណាកា
២៩-គណបក្ស ចលនាប្រជាធិបតេយ្យ។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជា នាយករដ្ឋមន្ត្រីកាល ពីឆ្នាំ២០១៨ នៅដើមនីតិកាលទី៦ ដែលជាយន្តហោះការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាល ក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាជូនប្រជាជន និងការអភិវឌ្ឍសង្គមជាតិ ប្រកបដោយសក្តានុពល។

ឯកឧត្តមបណ្ឌិត ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានថ្លែងឲ្យដឹងក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំ ថា ដោយសារការទទួលស្គាល់ពីសារៈប្រយោជន៍ពីអាណត្តិមុន យើងពង្រីកវិសាលភាពទាំងចំនួនគណបក្សចូលរួមទាំងសមាសភាពនៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះនិង ផ្តល់យោបល់។

ទាក់ទងការបង្កើនសមាសភាពនេះ ឯកឧត្តមបណ្ឌិត បានបកស្រាយថា ជាយន្តការប្រមូលធាតុចូលបែបពហុគំនិតក្នុងន័យស្ថាបនា ជួយលើកស្ទួយការអនុវត្តជាក់ស្ដែងនៃគោលនយោបាយបញ្ចកោណដំណាក់កាលទី១នៃរាជរដ្ឋាភិបាលឱ្យទទួលបានផលល្អប្រសើរ ក្នុងការជំរុញការបម្រើសេវាកម្មជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព បានជាប្រយោជន៍នៃការអភិវឌ្ឍជាតិ នេះជាមូលហេតុដែលរាជរដ្ឋាភិបាលបើកទូលាយជាងមុនរហូតដល់មានការកែសម្រួលកន្លែងខ្លះនៅពេលដែលយើងពង្រីក។

លើសពីនេះទៅទៀត រាជរដ្ឋាភិបាល បានផ្ដល់ឯករាជ្យភាព និងអធិបតេយ្យភាពដល់ប្រតិភូគណបក្សនីមួយៗ ដោយផ្ដល់ថវិកា៤លានរៀលក្នុងមួយខែជូន ប្រតិភូគណបក្សនយោបាយនីមួយៗយកទៅចាត់ចែងស្វ័យទទួលខុសត្រូវ ដោយធ្វើយ៉ាងណាបានជាសមិទ្ធផលរាយការណ៍ជូនរាជរដ្ឋាភិបាល។ សមិទ្ធផលរបស់គណបក្សនយោបាយនីមួយៗ ត្រូវធ្វើទស្សនៈទាន និងមតិយោបល់គោរពជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

សូមជំរាបថា ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានភារកិច្ចចម្បងចំនួន៣ រួមមាន៖

១) ផ្តួចផ្តើមគំនិត ឬផ្តល់យោបល់លើការរៀបចំគោលនយោបាយនានារបស់រាជរដ្ឋាភិបាល

២) ផ្តួចផ្តើមគំនិតតាក់តែង ឬផ្តល់យោបល់លើការរៀបចំធ្វើសេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តិផ្សេងទៀតរបស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលនៃដំណើរការនីតិវិធីធ្វើច្បាប់ដែលកំពុងស្ថិតក្នុងក្របខណ្ឌអំណាចនីតិប្រតិបត្តិ

៣) តាមដានដំណើរការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលទាំងនៅថ្នាក់ជាតិ ក្រោមជាតិ និងផ្តល់អនុសាសន៍កែលម្អភាពអសកម្ម និងភាពមិនប្រក្រតី។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏អាចស្នើ ឬផ្តល់យោបល់ជូននាយករដ្ឋមន្ត្រីអំពីតម្រូវការចាំបាច់ជាក់ស្តែងនៃការរៀបចំតាក់តែងធ្វើវិសោធនកម្មច្បាប់ ឬកែសម្រួលលិខិតបទដ្ឋានគតិយុត្តិផ្សេងទៀត ជូននាយករដ្ឋមន្ត្រីពិនិត្យ និងបញ្ជូនទៅរដ្ឋមន្ត្រីក្រសួង ឬរដ្ឋលេខាធិការដ្ឋានពាក់ព័ន្ធ។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់អាចផ្តល់មតិលើសេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដែលរៀបចំដោយក្រសួង ឬរដ្ឋលេខាធិការដ្ឋាន ជូននាយករដ្ឋមន្ត្រីឱ្យបានមុនពេលប្រជុំគណៈរដ្ឋមន្ត្រី។

ក្នុងការបំពេញភារកិច្ច ប្រតិភូគណបក្សនយោបាយជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានសិទ្ធិពេញលេញក្នុងការចុះធ្វើការតាមដានដំណើរការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅជួយរកឱ្យឃើញនូវភាពអសកម្ម ភាពមិនប្រក្រតី អំពើពុករលួយ និងការរំលោភបំពានអំណាចពីសំណាក់បុគ្គលជាមន្ត្រី ឬអាជ្ញាធរគ្រប់ផ្នែក និងគ្រប់ថ្នាក់។

ក្នុងការចុះបំពេញការងារនេះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ប្រើប្រាស់តួនាទីជាទីប្រឹក្សារាជរដ្ឋាភិបាល ដើម្បីឱ្យដំណើរការការងារប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព។

សូមជម្រាបថាក្រោយពេលកិច្ចប្រជុំចប់នាព្រឹកមិញនេះផងដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានរៀបចំនូវអាហារសាមគ្គីមួយពេលនៅវិមានសន្តិភាព សម្រាប់សមាជិក សមាជិកា នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដើម្បីបង្កើតនូវទំនាក់ទំនង និងភាពជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាល និងដើម្បីបន្តការងារជួយក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់ទៀត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។