ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវឯកអគ្គរាជទូត ចក្រពភអង់គ្លេសប្រចាំកម្ពុជា និងសហការីដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ

(ភ្នំពេញ) :នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១៤:០០ រសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវឯកអគ្គរាជទូត ចក្រពភអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។

ជាបឋម លោកជំទាវក្នុងនាមស្ថានឯកអគ្គរាជទូតនៃចក្រភពអង់គ្លេស និងអៀឡង់ខាងជើង បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រីចំពោះពេលវេលាដ៏មានតម្លៃដែលបានអនុញ្ញាតឱ្យលោកជំទាវ និងសហការីបានចូលជួបពិភាក្សាការងារ ណែនាំកម្មវិធីថ្មី និងជាពិសេសដើម្បីស្វែងយល់បន្ថែម ពីបញ្ហាប្រឈមនៃវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិស័យប្រើប្រាស់ដីកសិកម្ម ក្នុងបរិបទជំងឺឆ្លងកូវីដ-១៩ ដើម្បីរកដំណោះស្រាយឲ្យបានល្អប្រសើរសម្រាប់អនាគត។ ឆ្លៀតយកឱកាសនេះ លោកស្រី Timsin Ballard នាយករងកម្មវិធីធម្មជាតិ អាកាសធាតុ និងការអភិវឌ្ឍន៍ និងគណ:ប្រតិភូរបស់មូលនិធិជីវចម្រុះទេសភាព (Biodiverse Landscape Fund’s, BLF) ពីចក្រភពអង់គ្លេស បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថាកម្មវិធី BLF របស់ចក្រភពអង់គ្លេសមានគោលបំណងសំខាន់គឺ ៖ ការកាត់បន្ថយភាពក្រីក្រ ការពារ និងស្តារជីវចម្រុះ និងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនៅក្នុងទេសភាពបរិស្ថានប្រាំមួយនៅជុំវិញពិភពលោក ហើយទេសភាពនីមួយៗនឹងត្រូវបានបែងចែកពី ១០-១៦ លានផោនសម្រាប់រយៈពេល ៧ឆ្នាំ ជាមួយនឹងគម្រោងដែលរំពឹងថានឹងចាប់ផ្តើមនៅចុងឆ្នាំ ២០២២។ កម្មវិធីនឹងគ្របដណ្តប់គំរបទេសភាពតាមដងទន្លេមេគង្គក្រោម (ប្រទេសកម្ពុជា ឡាវ និងវៀតណាម) គឺជាប្រព័ន្ធមួយក្នុង ចំណោមប្រព័ន្ធអេកូចំនួន ៦ ដែលត្រូវបានកំណត់គោលដៅសម្រាប់ការគាំទ្រកម្មវិធី។

បានជ្រាបពីគោលបំណងរបស់កម្មវិធីដែលលោកស្រី Timsin Ballard បានជម្រាបជូន
ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញពីឆន្ទ:គាំទ្រ និងផ្តល់ក្តីសង្ឃឹមថានឹងរង់ចាំផ្តល់កិច្ចសហការឲ្យបាន ល្អប្រសើរធ្វើយ៉ាងណាឲ្យកម្មវិធីនេះទទួលបានជោគជ័យ។ ទាក់ទងនឹងកម្មវិធីនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបជូនលោកជំទាវឯកអគ្គរាជទូត និងសហការី ថាកម្មវិធី ក៏ដូចជាគោល នយោបាយថ្នាក់ជាតិ ជាពិសេសគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងការដាំឈើទាំងឈើធម្មជាតិ ឈើឧស្សាហកម្ម និងព្រៃលិចទឹក ប្រយោជន៍ដើម្បីបង្កើតគំរបព្រៃឈើឡើងវិញ រក្សាបាននូវធនធានធម្មជាតិ និងលើកកម្ពស់ទេសភាពបរិស្ថានដែលទាំងអស់ នេះគឺជាទេសភាពបៃតង។ ព្រមជាមួយគ្នា ក្រសួងក៏បាននិងកំពុងគិតគូ និងដាក់ចេញនូវវិធានការសំខាន់ៗដើម្បីកាត់បន្ថយការហូរច្រោះជីជាតិដីនៅស្រទាប់លើ ការប្រើប្រាស់ថ្នាំពុល និងជីកសិកម្មខុសបច្ចេកទេសដែលជាដើមហេតុធ្វើឲ្យប៉ះពាល់ដល់គុណភាពដី ទឹក រុក្ខជាតិ និងក្សេត្របរិស្ថាន។ល។ ផ្ទុយទៅវិញ ដើម្បីនិរន្តរភាពផលិតកម្មកសិកម្ម និងភាតរបរិស្ថាន ក្រសួងបានធ្វើ ការផ្សព្វផ្សាយ និងណែនាំតាមគ្រប់រូបភាពដល់កសិករ អ្នកផលិត សហគមន៍ និងវិស័យឯកជនតាមរយ:ការប្រើប្រាស់បច្ចេកវិទ្យាសមស្រប ការធ្វើពិពិធកម្មកសិកម្ម ការសម្របខ្លួនទៅនឹងការ ប្រែប្រួលអាកាសធាតុ និងឈានទៅធ្វើការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព ព្រមជាមួយនឹងការចូលរួមការពារ និងស្តារជីវចម្រុះឡើងវិញ ឲ្យបានគង់វង្ស។

ឯកឧត្តមរដ្ឋមន្ត្រី ជាថ្មីម្តងទៀតស្នើសុំឲ្យលោកជំទាវជួយពិនិត្យ ពិចារណា និងផ្តល់ការគាំទ្របន្ថែមតាមរយ:គម្រោងនានាដែលទាក់ទងនឹងការអភិវឌ្ឍវិស័យកសិកម្ម ក្នុងបំណងចូលរួមកែលម្អទេសភាពធម្មជាតិឡើងវិញ ហើយឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថានឹងបន្តពង្រឹងកិច្ចសហការដើម្បីកម្មវិធី BLF ខាងលើទទួលបានជោគជ័យ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។