ព័ត៌មានជាតិ

សមាជិក សមាជិកាគណបក្សភ្លើងទៀន ប្រមាណជាង២០០នាក់នាំគ្នាតវ៉ានៅស្នាក់ការកណ្តាលគណបក្ស ដើម្បីទាមទារទម្លាក់លោក​ ទាវ​ វណ្ណុល​ និងលោក លី សុធារ៉ាយុត្តិ ពីបក្សភ្លើងទៀន

(ភ្នំពេញ) ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា នាវេលាម៉ោង​​៩ព្រឹកថ្ងៃទី​​១៨ ធ្នូ ឆ្នាំ​២០២៣នេះ សមាជិក សមាជិកានៃគណបក្សភ្លើងទៀនប្រមាណជាង២០០នាក់មកពីខេត្តសៀមរាបនិង​ខេត្តកំពង់ធំ ព្រមទាំងមួយចំនួននៅភ្នំពេញ បានលើកគ្នាមកស្នាក់ការ​គណបក្សភ្លើងទៀន ដែលស្ថិតនៅផ្ទះលេខ៣២០E0 ក្នុងបុរីពិភពថ្មី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីទាមទារ​ឱ្យ​ដកតំណែងប្រធាន-​អនុប្រធាន និង​អគ្គលេខាធិការចេញពីគណបក្ស​ ដោយ​សារកន្លងមកប្រធានគណបក្ស​នេះប្រកាន់បក្ខពួក មិនគោរពលក្ខន្តិកៈនៃគណបក្ស ចេះតែដកដាក់​តួនាទីស្រេចតែចិត្ត ។​

តាមសេចក្តីរាយការណ៍បឋមបាន​​ឱ្យ​ដឹង​បន្ត​ថា ការលើកគ្នាមកទីស្នាក់ការគណបក្សភ្លើងទៀន​នេះ គឺបន្ទាប់ពីសមាជិក សមាជិកាមកពីតាមបណ្តាខេត្តមួយចំនួន ក៏ដូចជា​នៅ​រាជធានីភ្នំពេញ ដែលត្រូវបានគេដកចេញពីគណបក្ស ហើយក៏នាំគ្នាផ្តិតមេដៃប្តឹង ដើម្បី​​​ឱ្យមានការថ្កោលទោស​ប្រធាន-អនុប្រធាន និងអគ្គលេខាធិការឱ្យចុះចេញពីតំណែង។

គិតមកត្រឹមវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃដដែលនេះដែរ សមាជិកសមាជិកាគណបក្សភ្លើង​ទៀនបានរំសាយហើយ ដោយលើកឡើងថា បើគ្មានដំណោះស្រាយទេ ពួកគាត់នឹងបន្តធ្វើ​បាតុកម្មបន្តទៀត ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។