(ភ្នំពេញ) ៖ នៅទីស្ដីការក្រសួង នារសៀលថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោកស្រី គ្លែរ កូណាន់ នាយិកាកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា ដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារដើម្បីពង្រឹងភាពជាដៃគូ និងស្វែងរកឱកាសសហការបន្ថែម។
ជាកិច្ចស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ និងបានថ្លែងអំណរគុណចំពោះកម្មវិធីស្បៀងអាហារពិភពលោក (WFP) ដែលតែងតែគាំទ្រយ៉ាងសកម្មនូវគំនិតផ្តួចផ្តើមក្នុងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ ការការពារសង្គម និងអាហារូបត្ថម្ភក្នុងតំបន់ ជាពិសេសការពង្រឹងប្រព័ន្ធអាហារដែលធន់នឹងអាកាសធាតុ និងការគ្រប់គ្រងហានិភ័យនៃគ្រោះមហន្តរាយធម្មជាតិ។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ពិភពលោកបាននិងកំពុងប្រឈមមុខចំពោះការប្រែប្រួលអាកាសធាតុដែលបង្កជាការឡើងកម្តៅនៃភពផែនដី និងការកើនឡើងនូវកម្រិតកម្ពស់ទឹកសមុទ្រ ហើយដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ដៃគូពាក់ព័ន្ធ ជាពិសេសស្ថាប័នរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណាស្វែងរកដំណោះស្រាយរួម និងឈានទៅកាត់បន្ថយបានគ្រោះមហន្តរាយធម្មជាតិទាំងនេះ។
តំណាងគណៈប្រតិភូកម្មវិធីស្បៀងអាហារពិភពលោក លោកស្រី គ្លែរ កូណាន់ បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រីនិងបានបញ្ជាក់ពីជំហរក្នុងការសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម ជាពិសេសជាមួយនាយកដ្ឋានឧតុនិយម និងនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ។ ជាមួយគ្នានេះ កម្មវិធីស្បៀងអាហារពិភពលោកបានស្នើឱ្យក្រសួងធនធានទឹកនិងឧតុនិយមជួយគាំទ្រនិងផ្ដល់នូវធាតុចូលក្នុងការអនុវត្តការប្រកាសអាសន្នជាមុនសម្រាប់ទាំងអស់គ្នា ដែលជាផ្នែកមួយនៃដៃគូសហការពហុភាគី និងសហការក្នុងការលើកកម្ពស់ការបង្កើតទិន្នន័យវារីអគ្គិសនី និងបង្វែរទិន្នន័យព្យាករណ៍ទៅជាសកម្មភាព សម្រាប់ការត្រៀមខ្លួន និងឆ្លើយតបទៅនឹងគ្រោះមហន្តរាយ។
សូមជម្រាបថា បច្ចុប្បន្ននេះ កម្មវិធីស្បៀងអាហារពិភពលោក (WFP) បាននិងកំពុងធ្វើការជាមួយក្រសួងធនធានទឹក និងឧតុនិយម ទាក់ទងនឹងការបណ្តុះបណ្តាលមន្ត្រីរាជការ ផែនការសកម្មភាពរំពឹងទុក និងការអភិវឌ្ឍផែនទីបង្ហាញផ្លូវសម្រាប់ការប្រកាសអាសន្នជាមុនសម្រាប់ទាំងអស់គ្នា (EW4ALL roadmap) សម្រាប់ប្រទេសកម្ពុជា។ ជាមួយគ្នានេះក្រសួងធនធានទឹក និងឧតុនិយមក៏កំពុងសហការជាមួយអង្គការឧតុនិយមពិភពលោក(WMO) ធ្វើការអង្កេត និងព្យាករណ៍ហានិភ័យ ដើម្បីផ្ដល់ព័ត៌មានដល់កម្មវិធីស្បៀងអាហារពិភពលោក(WFP) ក្នុងការអភិវឌ្ឍផែនទីបង្ហាញផ្លូវសម្រាប់ការប្រកាសអាសន្នជាមុនសម្រាប់ទាំងអស់គ្នាផងដែរ។
សូមបញ្ជាក់ថា ការប្រកាសអាសន្នជាមុនសម្រាប់ទាំងអស់គ្នា(EW4ALL) ជាគំនិតផ្តួចផ្តើមដោយអង្គការសហប្រជាជាតិ ដែលមានស្ថាប័នជាច្រើនបានចូលរួម ហើយមានសសរស្ដម្ភសំខាន់ចំនួន៤គឺ៖ ទី១)ព័ត៌មានអំពីហានិភ័យនៃគ្រោះមហន្តរាយ ដឹកនាំដោយ UNDRR ទី២)អង្កេតនិងព្យាករណ៍ហានិភ័យ ដឹកនាំដោយ WMO ទី៣)ការជូនដំណឹងនិងទំនាក់ទំនង ដឹកនាំដោយ ITU និងទី៤)សមត្ថភាពឆ្លើយតបនឹងគ្រោះមហន្តរាយដឹកនាំដោយ IFRC។ ក្នុងនោះដែរ កម្មវិធីស្បៀងអាហារពិភពលោក (WFP) ត្រូវបានជ្រើសរើសជាស្ថាប័នជួយសម្របសម្រួលការងារទាក់ទងនឹងការប្រកាសអាសន្នជាមុនសម្រាប់ទាំងអស់គ្នា (EW4ALL) នៅកម្ពុជា៕