ព័ត៌មានជាតិ

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត តំណាងសម្តេចបវរធិបតី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា ១ខ្នង ២ជាន់ ១០បន្ទប់​ នៅវិទ្យាល័យល្វា ស្រុកព្រៃឈរ

(កំពង់ចាម​) ៖​ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត​ បាន​អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា ១ខ្នង កម្ពស់​២ជាន់ ១០បន្ទប់​ នៅវិទ្យាល័យល្វា ស្ថិតក្នុងឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម​ ដែល​ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ។

ស្ថិតក្នុងឱកាសនោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ កត្តាសុខសន្តិភាព និងការអភិវឌ្ឍរីកចំរើនរបស់សង្គមជាតិ គួបផ្សំនឹងការយកចិត្តទុកដាក់ពីសំណាក់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស វិស័យអប់រំនៅក្នុងខេត្តកំពង់ចាម បច្ចុប្បន្ន មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ខេត្តមានគ្រឹះស្ថានសិក្សា ចំនួន ៥៤២កន្លែង ឃុំ-សង្កាត់មួយ មាន អនុវិទ្យាល័យ ១កន្លែង មានចំនួន ១០៨ឃុំ-សង្កាត់ លើក១០៩ឃុំសង្កាត់ ស្មើនឹង៩៩%​ ។

​ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានបន្តថា​ ខេត្តកំពង់ចាម មានបុគ្គលិកសិក្សាចំនួន ៧.៦៣៥នាក់ ស្រី ៤.២១៧ នាក់ មានអគារសិក្សា សរុបចំនួន ១.២២៩ខ្នង ស្មើនឹង ៧.០៣៦បន្ទប់ ក្នុងនោះអគារសិក្សា ទីចាត់ការ និងអគារស្នាក់នៅដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត មានចំនួន ៣៨៤ខ្នង ស្មើនឹង ២.៤៣១បន្ទប់ (អគារកម្ពស់ ៣ជាន់ មានចំនួន ១៦ អគារ) រួមនឹងទីចាត់ការ ២៣ខ្នង អគារកាត់ដេរចំនួន ១២ខ្នង។​ ដោយឡែកនៅស្រុកព្រៃឈរ មានសាលារៀន ចំនួន ៧៨កន្លែង ក្នុងនោះបឋមសិក្សាចំនួន ៥៩កន្លែង អនុវិទ្យាល័យ មាន ១២កន្លែង វិទ្យាល័យមាន ៥កន្លែង និងមត្តេយ្យសិក្សាសាធារណៈ ចំនួន ២កន្លែង។ អគារសិក្សាមានចំនួន ២១៤ខ្នង ស្មើនឹងចំនួន ៩៧៩បន្ទប់ ។

ថ្លែង​ក្នុង​ឱកាសនោះ​ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត​ បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញេី​សាកសួរសុខទុកពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ក៏ដូចជា​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត​ ជូន​ចំពោះ​លោកយាយ​ លោកតា​ ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​បានអញ្ជេីញ​មក​ចូលរួម​សម្ពោធ​សមិទ្ធផល​ថ្មី​នេះ​ ។

ជាមួយគ្នានោះ​ ឯកឧត្តមឧត្តមសេនីយ៍ឯក​​​​ ក៏បាន​ថ្លែង​នូវ​​ការ​កោតសរសើរ​ចំពោះ​អាជ្ញាធរ​ខេត្តកំពង់ចាម​ ដែល​បាន​រួមគ្នា​ធ្វើ​ការ​អភិវឌ្ឍន៍​គ្រប់​វិស័យ​ក្នុង​ខេត្ត​ ឱ្យ​​មាន​ការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ ជាក់ស្ដែង​ការ​ចូលរួម​កសាង​ នូវអគារសិក្សា ១ខ្នង​ កម្ពស់​ ២ជាន់​ មានចំនួន ១០បន្ទប់ ដើម្បីបំពេញសេចក្តីត្រូវ ការរបស់ក្មួយៗសិស្សានុសិស្សវិទ្យាល័យល្វា ស្រុកព្រៃឈរ និង​សមិទ្ធផល​មួយ​ចំនួន​ទៀត​ ព្រមទាំងបាន​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​ ឱ្យ​​ពុះពារ​​ខិតខំ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ​ ដេីម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ឆាក​ជីវិត​ទៅថ្ងៃ​អនាគត​ផងដែរ​ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *