ព័ត៌មានជាតិ

លោក ផេន សុផល អតីតអភិបាលស្រុកបាធាយ ត្រូវបានប្រកាសតែងតាំង ជាអភិបាលរង ខេត្តកំពង់ចាម ជំនួស លោក ចាន់ ផល្លី ដែលត្រូវចូលនិវត្តន៍

(កំពង់ចាម) ៖ រសៀលថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃនៃគណៈអភិបាលខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅសាលសន្និសីទសាលាខេត្តកំពង់ចាម។

លោក ផេន សុផល អតីតអភិបាល នៃគណៈអភិបាលស្រុកបាធាយ ត្រូវបានប្រកាសតែងតាំង ជាអភិបាលរង នៃនៃគណៈអភិបាលខេត្តកំពង់ចាម ជំនួស លោក ចាន់ ផល្លី ដែលត្រូវចូលនិវត្តន៍។

ថ្ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានសម្តែងការចូលរួមអបអរសាទ​ចំពោះ​ លោក ផេន​ សុផល ដែលត្រូវបានប្រកាសចូលកាន់តំណែងជា អភិបាលរងខេត្តនៅពេលនេះ និង​បានបញ្ជាក់​ថា​ លោក ផេន សុផល ជាមន្ត្រីបន្តវេនវ័យក្មេង ដែលមានចំណេះដឹង និងបទពិសោធន៍នៅមូលដ្ឋាន រយៈពេល ១៨ឆ្នាំ ធ្លាប់ជាអភិបាលនៃគណៈអភិបាលស្រុកកោះសូទិន និងស្រុកបាធាយ។ ដោយមើលឃើញពីសមត្ថភាព និងសក្កានុពលរបស់មន្ត្រីបន្តវេន និងដោយមានការចង្អុលបង្ហាញពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម គណៈអភិបាលខេត្ត បានស្នើបេក្ខភា លោក ផេន សុផល ទៅក្រសួងមហាផ្ទៃ និងចុងក្រោយទទួលបានការតែងតាំងពីប្រមុខរាជរដ្ឋាភិបាល ជាអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាមជំនួសឯកឧត្តម ចាន់ ផល្លី ដែលចូលនិវត្តន៍។

ក្នុងឱកាសនោះដែរ​ ឯកឧត្តម ប្រាក់ សំអឿន​ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត​កំពង់ចាម​ អាជ្ញាធរ ដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរ​ អង្គភាពពាក់ព័ន្ធក្នុងខេត្ត​កំពង់ចាម​ទាំងអស់ ដែលបានរួមសាមគ្គី សហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជំរុញការអភិវឌ្ឍ ខេត្តឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសង្គមបានល្អប្រសើរ នាពេលកន្លងមក។

ជាមួយគ្នានោះ​ ឯកឧត្ដម​រដ្ឋលេខាធិកា​ក្រសួង​មហាផ្ទៃ​ ក៏បានផ្តាំផ្ញើចំពោះលោកអភិបាលរងខេត្តថ្មី ដែលទើបទទួលការតែងតាំងមុខតំណែង ត្រូវប្រកាន់ខ្ជាប់ នូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវខិតខំប្រឹងប្រែងសហការ អាជ្ញាធរមូលដ្ឋាន​ និងចូលរួមក្នុងដំណើរការអភិវឌ្ឍខេត្ត ឲ្យមានការ រីកចម្រើនបន្ថែមទៀត ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល​កម្ពុជា​ ក៏ដូចជា​ការយកចិត្តទុកដាក់ អនុវត្តតាមតួនាទី ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូនប្រកបដោយមនសិការ វិជ្ជាជីវៈ មានការទទួលខុសត្រូវខ្ពស់ ជាពិសេសត្រូវពង្រឹងកិច្ចការងារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ជាក់ស្តែងដូចជាការបំផុសចលនាប្រឆាំងជាមួយរាជរដ្ឋាភិបាល និងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) គឺត្រូវធ្វើការទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា​ផងដែរ​ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *