(ព្រៃវែង) ៖ នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា និងលោកជំទាវ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺ ជូនដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅស្រុកពាមរក៍ របស់ក្រុមគ្រូពេទ្យ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ពាមរក៍ ក្នុងស្រុកពាមរក៍។
ក្នុងនាមប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា និងជំនួសមុខឱ្យពុកម៉ែ បងប្អូនប្រជាពលរដ្ឋក្នុងស្រុកពាមរក៍ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលាដ៏មានតម្លៃរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ពិសេសក៏សូមថ្លែងអំណរគុណចំពោះទឹកចិត្តរបស់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី សប្បុរជននានា ដែលបានចូលរួមឧបត្ថម្ភដល់ដំណើរការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅស្រុកពាមរក៍ ក៏ដូចជាបណ្តាក្រុង ស្រុកដទៃទៀត។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះឯកឧត្តម លោកជំទាវ ជាក្រុមការងារចុះជួយមូលដ្ឋានស្រុកពាមរក៍ ក៏ដូចជាអាជ្ញាធរដែនដី និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានខ្នះខ្នែងជួយសម្របសម្រួល និងរៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនពលរដ្ឋនៅក្នុងស្រុកពាមរក៍។ សកម្មភាពដ៏ថ្លៃថ្លានេះ សបញ្ជាក់ឱ្យឃើញពីការចូលរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ក៏ដូចជាចូលរួមកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕