ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញបើកការប្រកួតកីឡាមហាជនជ្រើសរើសជើងឯក ប្រចាំឆ្នាំ ២០២៤ ដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី ៤៥ នៃទិវាជ័យជំនះ ៧ មករា ១៩៧៩-២០២៤ ៥ ខែ​មករា ២០២៤

(កំពង់ចាម) ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៤ នេះ បានអញ្ជើញបើក ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្ត ប្រចាំឆ្នាំ ២០២៤ ដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី ៤៥ នៃទិវាជ័យជំនះ ៧ មករា ១៩៧៩-២០២៤ ដែលពិធីនេះធ្វើឡើងនៅបរិវេណទីលានកីឡា ក្រុងកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ទៅកាន់ក្រុមកីឡាករ កីឡាការិនី ថា សូមឱ្យយុយនវជនគ្រប់រូប បង្វែចិត្តគំនិតមកលេងកីឡាឱ្យបានគ្រប់ៗគ្នា ពិសេសកីឡាដើម្បីសុខភាព ដើម្បីអភិវឌ្ឍផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ ឱ្សសមស្របទៅតាមបញ្ញត្តិទាំងឡាយ ដែលមានក្នុងធម្មជាតិ។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត សូមផ្តាំផ្ញើដល់កីឡាករ កីឡាការិនីទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំហ្វឹកហាត់បច្ចេកទេសបន្ថែមទៀត ដោយឈរលើកត្តាសាមគ្គីភាព បទបញ្ញត្តិ បទពិសោធន៍ពេលប្រកួត វិន័យពេលប្រកួត និងសីលធម៌ពេលប្រកួត ហើយត្រូវរក្សាឱ្យបានល្អបំផុត នៅពេលប្រកួតជៀសវាងកុំឱ្យមានភាពខុសឆ្គងដោយប្រការណាមួយ ដែលខុសពីបទបញ្ញត្តិ និងលក្ខន្តិកៈដែលគណៈកម្មការបច្ចេកទេសបានណែនាំមុនពេលប្រកួត គឺដាច់ខាតត្រូវតែមានវិន័យ និងសីលធម៌ជានិច្ច ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ។

ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្តស្រឡាញ់វិស័យកីឡាពីសំណាក់ លោក លោកស្រី ដោយបានធ្វើពលិកម្មគ្រប់បែបយ៉ាង ទាំងកម្លាំងកាយចិត្ត ស្មារតី សម្ភារៈនិងថវិកាសម្រាប់ផ្គត់ផ្គង់ដល់វិស័យនេះ និងសូមកោតសរសើរដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលបានសហការយ៉ាងល្អ ជាមួយរដ្ឋបាលខេត្តកំពង់ចាម ក៏ដូចជាមន្ទីរ-អង្គភាពពាក់ព័ន្ធរដ្ឋបាលក្រុង/ស្រុក អង្គការសង្គមស៊ីវិល ដែលបាននាំគ្នាគាំទ្រ និងលើកស្ទួយដល់វិស័យកីឡា និងសូមឱ្យកីឡាករ កីឡាការិនីទាំងអស់ ខិតខំប្រឹងប្រែងហ្វឹកហាត់ ថែរក្សាប្រពៃណវប្បធម៌ និងដើម្បីដណ្តើមយកជ័យជម្នះជូនមន្ទីរ-អង្គភាព ក្រុង/ស្រុករបស់ខ្លួន និងសម្រាប់បន្តទៅចូលរួមក្នុងការប្រកួតនៅថ្នាក់ភូមិភាគ ថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់អន្តរជាតិផងដែរ។

ឯកឧត្តមអភិបាលខេត្ត ក៏បានយកឱកាសនោះអំពាវនាវដល់ក្រុមកីឡាករ កីឡារិនី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងក្មួយៗសិស្សានុសិស្សទាំងអស់ សូមកុំភ្លេចការពារខ្លួនដើម្បីឱ្យចៀសផុតពីជំងឺកូវីដ-១៩ គឺត្រូវអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល ៣កុំ និង ៣ការពារ និងវិធានការនានា របស់រដ្ឋបាលខេត្តកំពង់ចាមឱ្យបានខ្ជាប់ខ្ជួនផងដែរ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។