ព័ត៌មានជាតិ

ដក លោកស្មៀនឃុំ.ស្រុកបាធាយម្នាក់ ក្រោយទាលុយ ថ្លៃសុំច្បាប់រៀបការចំនួន២០០ដុល្លារ!

(កំពង់ចាម) ៖ យោងតាមលិខិតសម្រេចរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាន នៃគណ: អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ នេះស្មៀនឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម ដែលទារលុយ២០០ដុល្លារពីប្រជាពលរដ្ឋ ថ្លៃសុំច្បាប់រៀបអាពាហ៍ពិពាហ៍ ត្រូវឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដកបញ្ឈរជើងជាបណ្ដោះអាសន្ន ឲ្យទៅបម្រើការងារនៅទីចាត់ការរដ្ឋបាលសាលាខេត្តកំពង់ចាម។

ជាមួយនឹងការដកបញ្ឈរជើងលោក ភាព តុលា ពីស្មៀនឃុំច្បារអំពៅនេះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានចេញដីកាតែងតាំង លោកស្រី វី សុង៉ោ ពីមន្ដ្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន រដ្ឋបាលស្រុកបាធាយ ឲ្យទៅបម្រើការងារជាមន្ដ្រីស្មៀនឃុំច្បារអំពៅ រហូតមានការសម្រេចជាផ្លូវការពីក្រសួងមហាផ្ទៃ។

គួរជម្រាបថា ដើមចមនៃការដកបញ្ឈរជើងស្មៀនឃុំច្បារអំពៅនេះ គឺផ្ដើមចេញពីការរិះគន់របស់ប្រជាពលរដ្ឋនៅលើបណ្ដាញសង្គម ដោយចោទប្រកាន់ថា លោក ភាព តុលា បានទាមទារលុយចន្លោះពី១០០ ទៅ២០០ ដុល្លារ ជាថ្នូរនឹងការស្នើសុំច្បាប់រៀបអាពាហ៍ពិពាហ៍ និងថែមទាំងប្រើប្រាស់ពាក្យសម្ដី កាយវិការមិនសមរម្យទៅលើរូបគាត់ថែមទៀតផង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។