ព័ត៌មានជាតិ

ការជួបសម្តែងការគួរសមក្នុងការពង្រឹងភាពជាដែគូជាមួយបណ្តាញសមាគម អង្គការមិនមែនរដ្ឋាភិបាលខេត្តសៀមរាប

(សៀមរាប) ៖ ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តបានអនុញ្ញាតឱ្យសមាគមអង្គការមិនមែនរដ្ឋាភិបាល ចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំខេត្ត ដែលដឹកនាំលោក អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលពីនាយក នាយករងទីចាត់ការសាលាខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនផងដែរ។

លោកអភិបាលរងខេត្ត បានមានប្រសាសន៍ថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ភាគច្រើន បានធ្វើសកម្មភាព ពាក់ព័ន្ធលើវិស័យអប់រំ កសិកម្ម សិប្បកម្ម សុខាភិបាល សង្គមកិច្ច បណ្តុះបណ្តាលវិជ្ជាជីវៈ សិល្បៈ កិច្ចការបរិស្ថាន និងអភិរក្សធនធានធម្មជាតិ ព្រៃឈើ ទេសចរណ៍ គ្រឿងញៀន សាសនា លើក កម្ពស់សិទ្ធិស្ត្រី កុមារ និងការពារជនងាយរងគ្រោះ ច្បាប់ និងសិទ្ធិមនុស្ស។ ការធ្វើសកម្មភាពរបស់ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានជូនដំណឹង ផ្តល់របាយការណ៍ និងសហការល្អជាមួយ អាជ្ញាធរមូលដ្ឋាន មន្ទីរ-អង្គភាពជំនាញ និងអាជ្ញាធរមានសមត្ថកិច្ច ស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន លក្ខន្តិកៈ និងអនុស្សរណៈ របស់ខ្លួន។

ជាមួយគ្នានេះ ខ្ញុំសូមគូសបញ្ជាក់ថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ពុំមាន សមត្ថកិច្ច ឬភារកិច្ចចុះអនុវត្តផ្ទាល់នោះទេពាក់ព័ន្ធនឹងបទល្មើសនានា មានតែសមត្ថកិច្ចប៉ុណ្ណោះ ដែលត្រូវចុះអនុវត្តភារកិច្ចរបស់ខ្លួនក្នុងតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌ ហើយក្នុងករណីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជួបប្រទះបទល្មើសជាក់ស្តែង អាចផ្ដល់ព័ត៌មាន សហការ ឬនាំខ្លួន ជនល្មើសនោះទៅប្រគល់ជូនសមត្ថកិច្ចដើម្បីចាត់ការតាមនីតិវិធី។

ទន្ទឹមនឹងនេះ លោកក៏បានកោតសរសើរចំពោះបណ្តាសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានផ្ញើរបាយការណ៍ទៀងទាត់ទៅអាជ្ញាធរមានសមត្ថកិច្ច ហើយក៏សូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការជួយឧបត្ថម្ភគាំទ្រថវិកា និងជំនួយផ្សេងៗក្នុងការអភិវឌ្ឍខេត្តសៀមរាប ជាពិសេស ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជំងឺអេដស៍ និងជំងឺកូវីដ-១៩ នាពេលកន្លងមក និងផ្តល់កិច្ចសហការភាពជាដៃគូយ៉ាងល្អប្រសើរជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរ-អង្គភាពពាក់ព័ន្ធ។ លោកអភិបាលរងខេត្ត បានស្នើសុំឱ្យលោកស្រី ប្រធានបណ្តាញផ្សព្វផ្សាយដល់សមាគម អង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុក ត្រៀមផ្តល់កិច្ចសហការ និងបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារក្នុងការធ្វើជំរឿន សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនៅក្នុងខេត្តសៀមរាបនាពេលខាងមុខ និងជួយបន្តផ្សព្វផ្សាយ និងអនុវត្តតាមសេចក្តីជូនដំណឹងលេខ ១២២ ស.ជ.ណ ចុះថ្ងៃទី១១ ខែ មករា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការបំពេញកាតព្វកិច្ចតាមការកំណត់ដោយច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។