ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រៃវែង

(ព្រៃវែង) :នាព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រៃវែង ប្រារព្ធនៅសាលាខេត្តព្រៃវែង។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានធ្វើរបាយការណ៍ជូនសម្ដេច ព្រមទាំងគណៈអធិបតី អំពីការប្រព្រឹត្តទៅនៃសន្និបាតដែលមានអ្នកចូលរួមសរុបចំនួនប្រមាណ២២៤នាក់ និងមានការគូសបញ្ជាក់អំពីសមិទ្ធផលសម្រេចបាន កិច្ចការសេសសល់ និងបញ្ហាប្រឈមដែលរដ្ឋបាលខេត្តត្រូវបន្តដោះស្រាយ។

ឯកឧត្តមបន្តថាសន្និបាត ក៏បានរៀបចំឱ្យមានបទអន្តរាគមន៍របស់ស្នងការដ្ឋាននគរបាលខេត្ត រដ្ឋបាលក្រុងព្រៃវែង រដ្ឋបាលស្រុកពោធិ៍រៀង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរសុខាភិបាល និងមន្ទីរអប់រំ យុវជន និងកីឡា ផ្ដោតលើប្រធានប្រធានបទសំខាន់ៗ ដូចជាការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ពិសេសការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព។

ឯកឧត្តមបន្ថែមថាសន្និបាតក៏បានស្ដាប់ការធ្វើបទអន្តរាគមន៍ស្ដីអំពីការអនុវត្តមុខងារផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការងារបង្កបង្កើនផលស្រូវ ការគ្រប់គ្រងការងារអប់រំ យុវជន និងកីឡា និងការលើកម្ពស់សេវាសុខភាពសាធារណៈ ពិសេសការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងការចាក់វ៉ាក់សាំង ព្រមទាំងបទពិសោធន៍ បញ្ហាប្រឈម និងវិធានការដោះស្រាយល្អៗ ដើម្បីអនុវត្តទិសដៅការងារឱ្យទទួលបានជោគជ័យ។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានកត់សម្គាល់អំពីការរៀបចំសន្និបាតរដ្ឋបាលខេត្តព្រៃវែងជាលើកទី២នៅអគារដ្ឋបាលខេត្តដែលសាងសង់ថ្មី ដោយសង្កត់ធ្ងន់ថាទន្ទឹមនឹងមានកន្លែងបំពេញការងារល្អ ថ្នាក់ដឹកនាំនិងមន្រ្តីរាជការត្រូវខិតខំបំពេញភារកិច្ចឱ្យបានល្អ។ សម្ដេចក៏បានណែនាំរដ្ឋបាលខេត្តត្រៀមរៀបចំលិខិតគោរពអញ្ជើញសម្ដេចតេជោនាយករដ្ឋមន្រ្តី សម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលថ្មីនេះ។

ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចក្រឡាហោម បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តព្រៃវែង ដោយមានការគាំទ្រពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងមន្រ្តីពាក់ព័ន្ធ បានខិតខំពេញភារកិច្ច និងគាំទ្រដល់ការបំរើសេវាសាធារណៈបានល្អជូនប្រជាពលរដ្ឋ ពិសេសការចូលរួមបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ រួមចំណែកដល់ការបើកសម្មភាព និងសង្គមឡើងវិញតាមគន្លងប្រក្រតីភាពថ្មី។

ពីវេទិកាអធិបតីនេះដែរ សម្ដេចក្រឡាហោមក៏បានមានប្រសាសន៍ថាកន្លងមក មានអ្នកនយោបាយមួយចំនួនបានរិះគន់តិទៀនមកលើរាជរដ្ឋាភិបាលថាមិនចេះធ្វើអ្វី និងចេះតែលើកដៃសំពះពលរដ្ឋសុំសន្លឹកឆ្នោតពេលបោះឆ្នោត។ សម្ដេចបានចោទជាសំណួរថាតើការអត្ថាប្បាយនេះជាការពិតឬមិនពិត ចម្លើយគឺសម្ដេចទុកឱ្យប្រជាពលរដ្ឋជាអ្នកវាយតម្លៃ។

សម្ដេចបានទាញចំណាប់អារម្មណ៍អង្គសន្និបាត ថាចាប់តាំងពីទទួលបានឯករាជ្យពីបារាំងមកឃើញថាសុខសន្តិភាព និងស្ថេរភាពជាតិ កម្ពុជាមិនដែលមានដូចពេលនេះឡើយ។ ពេលនេះដែលសម្ដេចក្រឡាហោម បានសំដៅដល់ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ គ្មានឧទ្ទាមក្រៅច្បាប់កាន់អាវុធប្រឆាំងរាជរដ្ឋាភិបាល ដែលកំពុងកាន់អំណាចបានមកពីការបោះឆ្នោតគាំទ្រដោយប្រជាពលរដ្ឋ។

សម្ដេចបន្តក្នុងន័យដើមថា «នេះជាចំណុចពិសេសដែលបញ្ជាក់ឱ្យឃើញថាយើងមិនមែនមិនចេះធ្វើអីនោះទេ យើងចេះធ្វើតាំងពីប្រទេសជាតិមានសង្គ្រាម ការបែកបាក់ខ្ទិចខ្ទាំ រហូតទីបំផុតយើងបានស្រង់កេរឈ្មោះមុខមាត់ប្រទេសជាតិតាមរយៈការបញ្ចប់សង្គ្រាម នយោបាយឈ្នះៗដែលសម្ដេចតេជោលោកបានផ្ដើមគំនិត ហើយធ្វើឱ្យយើងមានសុខសន្តិភាពរហូតមកដល់ពេលនេះ»។

សម្ដេចបានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានទូទាំងប្រទេស ចាប់ពីថ្នាក់រាជធានីខេត្ត រហូតដល់ថ្នាក់ភូមិ ដើម្បីរួមចំណែកពង្រឹងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈរបស់អាជ្ញាធរថ្នាក់មូលដ្ឋាន រួមទាំងប្រមូលមតិយោបល់ សំណើរ សំណូមពរ និងបញ្ហាប្រឈមនានាដើម្បីជំរុញការដោះស្រាយឱ្យបានឆាប់ និងប្រកបដោយប្រសិទ្ធភាពទៀតផង។

ជាមួយគ្នានោះដែរ សម្ដេចឧបនាយករដ្ឋមន្ត្រីក៏បានបន្តមានប្រសាសន៍អំពីដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាបន្តបន្ទាប់ដែលរហូតមកដល់បច្ចុប្បន្ន កម្ពុជាសម្រេចបាននូវការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនពាសពេញផ្ទៃប្រទេស រួមមានផ្លូវ ស្ពាន សាលារៀន ធារាសាស្ត្រ អគារបំពេញការងារនិងបំរើសេវាសាធារណៈ រួមទាំងការអភិវឌ្ឍន៍ធនធានមនុស្ស។

ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដល់អនុសាសន៍មួយចំនួនពាក់ព័ន្ធនឹងទិសដៅការងារបន្តដែលរដ្ឋបាលខេត្តព្រៃវែងត្រូវយកចិត្តទុកដាក់ ព្រមទាំងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការយកចិត្តទុកដាក់លើកម្ពស់ការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសម្រាប់ការរៀបចំព្រឹត្តិការណ៍ធំៗនៅឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាប្រធានអាស៊ាន និងរៀបចំការបោះឆ្នោតឃុំសង្កាត់៕

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។