ព័ត៌មានជាតិ

បុរសជនជាតិចិនម្នាក់បើករថយន្តបុកបង្កាន់ដៃស្ពានអាកាស ៧មករា បណ្ដាលឱ្យរថយន្តក្រឡាប់ផ្ងារជើង អ្នកបើកបររងរបួសស្រាល !

(ភ្នំពេញ) : ហេតុការណ៍នេះបានកើតឡើងកាលពី
វេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី១១ ខែមិថុនាឆ្នាំ២០២២ នៅត្រង់ចំណុចគល់ស្ពានអាកាស ៧ មករាផ្នែកខាងកើតតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបានបើករថយន្ត Lexus RX300 មួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AZ-3992 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសពេញទំហឹងបណ្ដាលឱ្យក្បាលថ្មបង្កាន់ដៃស្ពានខ្ទាតចេញក្រៅរួមនឹងបង្គោលភ្លើងមួយ ដើមរងការខូចខាត។ ចំណែករថយន្តបង្កក្រឡាប់ផ្ងារជើងម្ខាងនិងរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯតៃកុងរងរបួសផ្ទៃមុខបន្តិចបន្តួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញឱ្យមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នា..៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។