ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្ដាល

(ព្រៃវែង) :នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ជា សុមេធី អភិបាលនៃអភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្ដាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង នៅមន្ទីរគណៈកម្មាធិការគណបក្សខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមសមាជិកព្រឹទ្ធសភាភូមិភាគទី៦ តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង គណប្រតិភូអមដំណើរសម្តេចក្រឡាហោម ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ និងសមាជិក សមាជិកាថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សថ្នាក់ខេត្ត ក្រុង ស្រុកគ្រប់លំដាប់ថ្នាក់សរុបចំនួន៥០០នាក់។

ក្នុងនាមអនុប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែង ឯកឧត្តមអភិបាលខេត្ត សូមថ្លែងអំណរគុណ និងសូមសំដែងនូវគារវៈគោរពស្វាគមន៍យ៉ាងស្មោះស្ម័គ្រ និងកក់ក្តៅជាទីបំផុត ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ របស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ដែលបានឆ្លៀតឱកាសដ៏មមាញឹក និងមានតម្លៃបំផុត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្ដាល នាពេលនេះ។

ទន្ទឹមនឹងនេះ សម្តេចក៏បានមានប្រសាសន៍ក្នុងកិច្ចប្រជុំថា ការធ្វើវិសោធនកម្មកន្លងមកថ្មីៗនេះ គឺដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ ធានាឱ្យដល់ស្ថាប័នជាតិ ជាពិសេសរាជរដ្ឋាភិបាលមានដំណើរការប្រព្រឹត្តទៅដោយរលូន មិនមានការជាប់គាំង និងធានាបាននិរន្តរភាពនៅគ្រប់កាលៈទេសៈ។ ក្រៅពីនេះ សម្តេចស្នើសុំដល់សមាជិកសមាជិកាគ្រប់លំដាប់ថ្នាក់ប្រកាន់ឧត្តមគតិរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដោយប្រកាន់ខ្ជាប់នូវឧត្តមគិតិស្នេហាជាតិ ស្នេហាប្រជាជន និងគោរពរដ្ឋធម្មនុញ្ញ។

ជាទីបញ្ចប់ ឯកឧត្តមអភិបាលខេត្ត សូមគោរពជូនពរ សម្តេចក្រឡាហោម ស ខេង និងប្រតិភូអមដំណើរ សមាជិកសមាជិកា គណកម្មាធិការបក្សនៃអង្គពិធីទាំងមូល សូមមានសុខភាពល្អ បរិបូណ៍ សុខសុភមង្គល ឈ្នះអស់មារសត្រូវសម្រេចបានជោគជ័យគ្រប់ភារកិច្ច និងទទួលបាននូវពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។