ព័ត៌មានជាតិ

រយៈពេល៤ថ្ងៃ ! សមត្ថកិច្ចបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅរាជធានីភ្នំពេញបានជាង៦០ករណី និងឃាត់ខ្លួនមនុស្សជាង ១០០នាក់ !

ភ្នំពេញៈ យុទ្ធនាការ នៃការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក៏ដូចជាការបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រយៈពេល ៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ ដល់ត្រឹមយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវបង្កា្របបាន ៦៣ករណី និងឃាត់ខ្លួនមនុស្សចំនួន ១១៥នាក់ ដោយក្នុងនោះមានឆ្នោតវៀតណាម ៣៥ករណី , ម៉ាស៊ីនហ្គេមអនឡាញ ៤ករណី , កន្លែងលេងបៀ ៣ករណី , ទីតាំងបញ្ចាំ ៤ករណី , ឆ្នោតឡូតូ ៧ករណី និងល្បែងភ្នាល់អនឡាញចំនួន ១០ករណី។ នេះ បើតាមការបញ្ជាក់របស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកសាន សុខសីហា បានថ្លែងប្រាប់សារព័ត៌មាន នៅល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។

អ្នកនាំពាក្យពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបន្តថា ចំពោះមុខបន្តទៅទៀត សមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវ តាមដានទីតាំងមួយដូចជា អាផាតមិន ខុនដូរ និងបុរីមួយចំនួនបើសិនជាទទួលបានព័ត៌មាន ក៏ដូចជាការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋ គឺសមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវបន្តនឹងធ្វើការបង្ក្រាបបន្ថែមទៀត។

លោកបានបញ្ជាក់ទៀតថា “ចំពោះជនបរទេសដែលឃាត់ខ្លួនពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់ គឺអនុវត្តតាមការងារអន្តោប្រវេសន៍ បើសិនជាមិនមានលិខិតឆ្លងដែនអាចសុំគោលការណ៍បន្តនីតិវិធីដើម្បីបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍សុំគោលការណ៍ថ្នាក់ដឹកនាំដើម្បីបណ្តេញចេញពីកម្ពុជា។ ហើយបើសិនគាត់មានលិខិតឆ្លងដែន តែអត់មានលិខិតការងារត្រឹមត្រូវ គឺនឹងអាចធ្វើការផាកពិន័យតាមច្បាប”។

គួរបញ្ជាក់ថា តាមរយៈសារសំឡេងកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឹងម៉ាត់បំផុតឲ្យចាត់វិធានការបង្ក្រាបឲ្យទាន់ពេលវេលា និងដាច់ណាត់បំផុត។ ដោយសម្តេចបានសង្កត់ធ្ងន់ថា សម្តេចមិនស្ទាក់ស្ទើរជាមួយនឹងការដកចេញពីមុខតំណែងនូវអភិបាលខេត្ត រាជធានី អភិបាលស្រុក ខណ្ឌ ក្រុង ឬមន្ត្រីនគរបាលថ្នាក់ណាក៏ដោយ ដែលរកឃើញថា មិនទទួលខុសត្រូវលើមុខងាររបស់ខ្លួន។ មិនអាចបណ្តោយឲ្យសភាពការណ៍បង្កឡើងបែបអាណាធិបតេយ្យក្នុងបនល្បែងតទៅទៀតទេ ត្រូវតែម៉ឹងម៉ាត់ ត្រូវតែដាច់ខាត វាមិនមែនជាកំណើនសេដ្ឋកិច្ចនោះទេ ក៏ប៉ុន្តែវាបណ្តាលឲ្យមនុស្សជាច្រើនត្រូវខូចខាត ដោយត្រូវលក់គោ លក់ក្របី លក់ដីធ្លី ដើម្បីចាញ់ល្បែ៕សហការី

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។