ព័ត៌មានជាតិ

សាខាគយនិងរដ្ធករខេត្តតាកែវ ក្រុមឈ្មួញសម្រុកនាំទំនិញគេចពន្ធយ៉ាងគគ្រិកគ្រេង នឹងទំនិញបង់ពន្ធមិនគ្រប់ !

(តាកែវ) :តាមប្រភពព័ត៌មានពីអាជីវករ និងឈ្មួញរកស៊ីទាំងតូចទាំងធំ បានឲ្យដឹងថា​ លោក ស៊ុន ឆាយ ដែលទើបតែទទួលបានតំណែងជាប្រធានសាខាគយនិងរដ្ឋាករប្រចាំខេត្តតាកែវ ទំនងជាមានការបើកភ្លើងខៀវឲ្យក្រុមឈ្មួញដែលនាំទំនិញឆ្លងកាត់ពីប្រទេសវៀតណាមចូលតាមខេត្តតាកែវ មានបង្កប់ការបង់ពន្ធទំនិញមិនគ្រប់ ថែមទាំងមានទំនិញគេចពន្ធកាន់តែច្រើនៗដែលជាហេតុធ្វើឲ្យរដ្ឋខាត់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗ។ ប្រភពខ្លះទៀតបានបន្តឲ្យដឹងថា នៅក្នុងទឹកដីខេត្តតាកែវ មានច្រកព្រំដែនជាច្រើនកន្លែងដូចជា ច្រកភ្នំដិន​ ច្រកបាក់ដៃ ច្រកត្រពាំងក្រសាំង ជាដើម​ទំនងជាក្រុមឈ្មួញនាំទំនិញចូលបង់ពន្ធត្រឹមតែ៣០ទៅ៤០ភាគរយតែប៉ុណ្ណោះ ដែលជាហេតុធ្វើឲ្យមានការសង្ស័យជាច្រើន ដែលលោក ស៊ុន ឆាយ ជាអ្នកបើកភ្លើងខៀវ ឬក៏មានការឃុបឃិតឲ្យប្រធានការិយាល័យគយប្រចាំច្រកព្រំដែនដូចបានរៀបរាប់ខាងលើនេះ ធ្វើអ្វីៗតាមតែអំពើចិត្តរបស់ពួកគេម្នាក់ៗ។

មិនត្រឹមតែប៉ុណ្ណោះលោក ស៊ុន ឆាយ ត្រូវបានប្រភពនានាដាក់ការសង្ស័យបន្ថែមទៀតដោយមានការឃុបឃិតយ៉ាងខ្លាំងជាមួយមេគយចល័តខេត្តតាកែវ គឺបុគ្គល លាង ម៉េង ដែលប្រព្រឹត្តអំពើពុករលួយដល់ឆ្អឹង បង្កើតកុងត្រូលជជុះកំណត់ជម្រិតទារលុយពីឡានដឹកទំនិញគ្រប់ប្រភេទដោយក្នុងមួយឡានៗកំណត់ឲ្យបង់លុយក្រោមតុចាប់ពី១០ម៉ឺនឡើងទៅ។ ដោយទង្វើអាក្រក់ជម្រិតទារប្រាក់ពីឡានដឹកទំនិញស្ទើរតែអារករយ៉ាងនេះហើយ បានជាអ្នករង់គ្រោះក្នុងការជម្រិតទារប្រាក់ពីឡានដឹកទំនិញពីកុងត្រូលជជុះគយចល័តខេត្តតាកែវ ដែលមានបុគ្គល លាង ម៉េង ជាមេឃ្លោងនេះ បានជាក្រុមឡានដឹកទំនិញនាំគ្នាឆ្ងល់ថា តើទង្វើអាក្រក់ជូរជាតិរបស់បុគ្គល លាង ម៉េង នេះតើលោក ស៊ុន ឆាយ ដែលជាមេសាខាគយខេត្តតាកែវ បានជ្រាបនឹងព័ត៌មានពីភ្នាក់ងារគយចល័តខេត្តតាកែវ ទាំងអស់នោះទេ? ឬក៏ទំនងជាលោក ស៊ុន ឆាយ មានកិច្ចសហការជាមួយគយចល័តខេត្តតាកែវ ទាំងនោះ។

ទំនិញដែលបង់ពន្ធមិនគ្រប់តាមច្រកផ្សេងៗយ៉ាងពេញបន្ទុក នេះបើតាមសម្តីរបស់ក្រុមអាជីវករដែលជាអ្នកដឹកទំនិញតាមម៉ូតូកែច្នៃ ក៏ដូចជាតាមរថយន្តសាំយ៉ុង បានឲ្យដឹងថា ក្នុងមួយឡានពួកគាត់ត្រូវបង់លុយយ៉ាងស្រស់ៗឲ្យគយចល័តផ្លូវជាតិលេខ២ ក្បែររង្វង់មូលអូរចំបក់ ចាប់ពី១០ម៉ឺនរៀលឡើងទៅ បើដឹកទំនិញច្រើនគឺត្រូវគិតលុយថ្លៃបង់ក្រោមតុបន្ថែមទៀត។ ដោយទង្វើអាក្រក់នេះហើយបានជាក្រុមអាជីវករមានការត្អូញត្អែថា បុគ្គល ស៊ុន ឆាយ ទំនងជាមានការបើកភ្លើងខៀវឲ្យក្រុមគយចល័តទាំងអស់នេះជម្រិតទារប្រាក់ក្រោមតុឡើងថ្លៃ ដើម្បីបំពេញការស្រង់ដើមរបស់ខ្លួនដែលទើបផ្លាស់ទៅកាន់ជា​ ប្រធានសាខាគយខេត្តតាកែវ កាលពីពេលថ្មីៗនេះ។

ពាក់ព័ន្ធនឹងការឈឺចាប់របស់ក្រុមឈ្មួញទាំងតូចទាំងធំ និងអាជីវករអ្នកដឹកទំនិញបានកម្រៃបន្តិចបន្តួចទាំងអស់នេះ តើឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងលោកអគ្គនាយកគយ គុណ ញឹម មានជ្រាបជាព័ត៌មានទេ ហើយក្រុមឈ្មួញ និងអាជីវករសំណូមពរឲ្យលោកធ្វើការស្រាវជ្រាវជាបន្ទាន់ កុំឲ្យប៉ះពាល់ខូចឈ្មោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកគយ និងរដ្ឋាករកម្ពុជា​ ដែលបុគ្គល ស៊ុន ឆាយ និងបុគ្គល លាង ម៉េង កំពុងបង្កើនឥទ្ធិពលធ្វើព្យុះ ធ្វើភ្លើង ជាន់ករជម្រិតទារផលប្រយោជន៍ពីក្រុមឈ្មួញទាំងតូចទាំងធំ ព្រមទាំងអាជិវករអ្នកដឹកទំនិញ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។