ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ ការគោរពឯករាជ្យ អធិបតេយ្យ និងសិទ្ធិស្វ័យសម្រេចរបស់ប្រទេសនីមួយៗ ជាកិច្ចការដែលយើងទាំងអស់គ្នាត្រូវបន្តប្រកាន់ជំហរ

(ភ្នំពេញ) ៖ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹៈក្នុងកិច្ចប្រជុំកំពូលស្តីពីសម្លេងនៃបណ្តាប្រទេសខាងត្បូង (Voice of South Summit) ដែលមានជាង១២០ប្រទេសចូលរួម ដែលធ្វើឡើងតាមបែបនិម្មិត ពីភូមិគ្រឹះតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ខណៈនិន្នាការពហុប៉ូល និងការបែងចែកប្លុក កំពុងលេចឡើងកាន់តែច្បាស់ ការគោរពឯករាជ្យ អធិបតេយ្យ និងសិទ្ធិស្វ័យសម្រេចក្នុងការជ្រើសរើសមាគ៌ាសម្រាប់ការអភិវឌ្ឍរបស់ប្រទេសនីមួយៗ ជាកិច្ចការដែលយើងទាំងអស់គ្នា ជាប្រទេសកំពុងអភិវឌ្ឍន៍ ត្រូវបន្តប្រកាន់ជំហរ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ទន្ទឹមនេះ យើងទាំងអស់គ្នា ត្រូវបន្តជំរុញយន្តការពហុភាគីនិយម និងវប្បធម៌សន្ទនា ក្នុងការដោះស្រាយបញ្ហាប្រឈមនានា សំដៅទប់ស្កាត់ការបែកខ្ញែកសេដ្ឋកិច្ច និងប្លុកពាណិជ្ជកម្ម ព្រមទាំងការបញ្ចៀសនូវការប៉ះទង្គិចយោធាណាមួយ ដែលអាចកើតឡើងជាយថាហេតុដើម្បីថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពតំបន់ និងសាកល។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា បទពិសោធន៍ពីជំងឺកូវីដ-១៩ បានបង្ហាញយ៉ាងច្បាស់ថា ការបន្តកសាងភាពធន់សង្គម លើការអភិវឌ្ឍប្រព័ន្ធសុខាភិបាល ការលើកកម្ពស់សេវាសុខភាពសាធារណៈ និងការគាំពារសង្គម ពិតជាមានសារៈសំខាន់ ដើម្បីត្រៀមទប់ទល់នឹងការប៉ះទង្គិចផ្សេងៗទៀតនាពេលអនាគត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។