ព័ត៌មានជាតិ

ចាប់ខ្លួន​ស្ត្រី​ម្ចាស់​ទីតាំង​ម៉ាស្សា​ម្នាក់​លួច​បង្កប់​អំពើ​សញ្ចារ​កម្ម និង​នារី​រង​គ្រោះជា​ច្រើន​នាក់!

(ភ្នំពេញ) ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​បង្ក្រាប​ជាក់ស្តែង​នូវ​ករណី​ប្រព្រឹត្តិ​អំពើ​សញ្ចារ​កម្ម មាន​ស្ថាន​ទម្ងន់ទោស លួច​បើកហាង​ម៉ាស្សា រួច​បង្កប់​បំរើសេវា​កម្សាន្ត ដោយ​បាន​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ម្នាក់ រួម​នឹង​នារី​រង​គ្រោះ​ចំនួន​៨​នាក់ ក្នុង​នោះ​មាន​អនីតិជន​ចំ​នួ​០៣​នាក់​ផង​ដែរ និង​ដកហូត​បាន​វត្ថុ​តាង​ស្រោមអនាម័យ​ប្រើប្រាស់​រួច​មួយ​ចំនួន និង​មិន​ទាន់​ប្រើប្រាស់​មួយ​ចំនួន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២៣ នៅ​ចំណុច​ហាង​ម៉ាស្សា​កោស​ជប់​យីហោ «៩៩៩៩» នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ស្ថិត​ចុងស្ពាន​ព្រែក​ព្នៅ​ខាងលិច ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ ក្នុងភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ​។

ដោយ​មានការ​ចង្អុលបង្ហាញ​ពី​ឯកឧត្តម​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​ឧត្តមសេនីយ៍ទោ ចាន់ កិត្តិ​ខុ​ម ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ក្រោម​ការ​សម្របសម្រួល​ដោយ​លោក សិត វណ្ណៈ ព្រះរាជអាជ្ញា​រង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ព្រមទាំង​លោក​វរសេនីយ៍ទោ ហាក់ លី នាយការិយាល័យ បាន​ដឹកនាំ​បញ្ជា​ផ្ទាល់​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ដែល​ជា​ម្ចាស់​ទីតាំង និង​នារី​រង​គ្រោះ​ក្មេង​ៗ​ចំនួន​០៨​នាក់ ។

សម្ថ​ត​កិច្ច​បាន​ប្រាប់​អោយ​ដឹង​ថា ស្ត្រី​ជា​ម្ចាស់​ទីតាំង​ខាងលើ​នេះ​មានឈ្មោះ សេក មុំ អាយុ​៤០​ឆ្នាំ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ ស្ថិត​ក្នុងភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ​។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ទីតាំង​ហាង​ម៉ាស្សា​កោស​ជប់​ខាងលើ​នេះ​យីហោ «៩៩៩៩» ដែល​មាន​ស្ត្រី​ម្នាក់​ជា​ម្ចាស់​ទីតាំង ហើយ​នៅ​ក្នុង​ហាង​នោះ​មាន​ស្រី​ៗ​រង់ចាំ​ទទួលភ្ញៀវ​ម៉ាស្សា និង​រួម​ភេ​.​ទ​ចំនួន​៨​នាក់ ក្នុង​នោះ​សង្ស័យ​នារី​ជា​អនីតិជន​ចំនួន​០៣​នាក់ និង​មាន​បន្ទប់​សម្រាប់​សេវា​កម្សាន្ត​ចំនួន​៤​បន្ទប់​។ ចំណែក​តម្លៃ​ម៉ាស្សា​ធម្មតា ២.០០០០​រៀល​ក្នុង​មួយ​ម៉ោង ចំពោះ​តម្លៃ​នៃ​ការ​រួម​ភេ​.​ទ​វិញ​ក្នុង​មួយ​ដង​ចាប់ពី ២០​ដុល្លារ ទៅ ២៥​ដុល្លារ ហើយ​លុយ​ដែល​បាន​មក​ពី​ការ​រួម​ភេ​.​ទ​ទាំង​អស់នេះ គឺ​ម្ចាស់​ទីតាំង​ចែក​ស្មើគ្នា​ជាមួយ​នារី​ៗ​ម៉ាស្សា​ទាំងនោះ​ផង​ដែរ​។

ប្រភព​ដដែល​បន្ត​ថា ចំពោះ​ហាង​ម៉ាស្សា​ខាងលើ​នេះ គឺ​ចាប់​បើក​ដំណើរការ​រកស៊ី​ទទួលភ្ញៀវ​ចាប់ពី​ម៉ោង​០៥​ល្ងាច រហូត​ដល់​យប់​អធ្រាត្រ​ទើប​បិទទ្វារ រីឯ​នារី​ដែល​សង្ស័យ​ជា​អនីតិជន​ចំនួន​៣​នាក់​វិញ គឺ​ចូល​មក​បម្រើ​ការងារ​ចាប់ពី​ម៉ោង​០៧​យប់ រហូត​ដល់​ម៉ោង​០៩​យប់​ផង​ដែរ​។

ក្រោយ​ប្រតិបត្តិការ​ចប់ កម្លាំង​ជំនាញ​បាន​នាំ​ខ្លួន​ស្ត្រី​ជា​ម្ចាស់​ទីតាំង​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ដើម្បី​សួរនាំ​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​។ ហើយ​ចំពោះ​នារី​រង​គ្រោះ​ទាំង​០៨​នាក់​វិញ ត្រូវ​បាន​ប្រគល់​ជូន​ទៅ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​អប់រំ​ផង​ដែរ​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។