ព័ត៌មានជាតិ

យុវជននៅខេត្តសៀមរាបចំនួន៣០០នាក់ បានទទួលការបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចរយៈពេល​ ៦ខែពីសមាគមក្លឹបទេសចរណ៍សៀមរាប

(សៀមរាប) ៖ នៅថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២៣ នៅសាកលវិទ្យាល័យ អង្គរ បានរៀបចំបេីកវគ្គបណ្តុះបណ្តាលលើមុខជំនាញបដិសណ្ឋារកិច្ច “ ផ្នែកការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ” ដែលសិក្សាពេញម៉ោង រយៈពេល ៦ខែ​ក្រោមអធិបតីភពឯកឧត្តម ប៉ាក់ សុខុម​ រដ្ឋលេខាធិការក្រសួងទេសចរណ៍​តំណាងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម​ ទៀ​ សីហា​ អិបាល​ នៃគណៈអភិបាលខេត្ត​ ព្រមទាំងមានការអញ្ជើញចូលរួមពីអស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ និង អាជ្ញាធរក្រុង ស្រុកផងដែរ ។

វគ្គបណ្តុះបណ្តាល រៀបចំឡេីងដើម្បីរួមចំណែកលើកកម្ពស់ សេវាកម្មទេសចរណ៍ ឡើងវិញក្រោយវិបត្តិកូវីដ-១៩ បន្ទាប់ពីមានការចាកចេញពីវិស័យនេះ នូវពលកម្មស្នូលជាច្រើន ដោយសារប៉ះពាល់ជាអវិជ្ជមានលើសេដ្ឋកិច្ចគ្រួសារ របស់និយោជិក ដែលធ្លាប់បំរើលើវិស័យនេះ ក្នុងពេលដែលវិបត្តិសកលបានរាតត្បាតក្នុងពេលកន្លងមក។ យុវជនមកពីស្រុក ឃុំ ភូមិនានាក្នុងខេត្តសៀមរាបចំនួន៣០០នាក់​ នារីចំនួន១៦៩នាក់ បានទទួលបានការបណ្តុះបណ្តាលលើមុខជំនាញបដិសណ្ឋារកិច្ច “ ផ្នែកការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ” ដែលសិក្សាពេញម៉ោង រយៈពេល ៦ខែ នៅសាកលវិទ្យាល័យអង្គរ តាមរយៈគំនិតផ្តួចផ្តើមរបស់សមាគមក្លឹបទេសចរណ៍សៀមរាប ដោយទទួលបានការគាំទ្រសហហិរញ្ញប្បទានរវាងវិស័យឯកជន និងរាជរដ្ឋាភិបាលកម្ពុជានិងតាមរយៈមូលនិធិអភិវឌ្ឍន៍ជំនាញ Skill Development Fund (SDF) របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាយុទ្ធសាស្រ្តតស្តារឡើងវិញរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងគុណភាពសេវាកម្ម និងមាន ការគាំទ្រឯកសារពីគណៈគ្រប់គ្រងគម្រោងហូកា (HOKA) នៃក្រសួងទេសចរណ៍ផងដែរ។

លោក ហ្វីលីព សែតកៅ ប្រធាន សមាគមក្លឹបទេសចរណ៍សៀមរាប វគ្គបណ្ដុះបណ្ដាលនេះដែរនឹងផ្តល់ ជាផ្លែផ្កាជូនដល់ប្អូនៗសិក្ខាកាម ក្នុងការទទួលជំនាញមួយយ៉ាងពិតប្រាកដ និងផ្ដល់ឱកាសការងារដល់ប្អូនៗ ដែលភាគច្រើនត្រូវបានជ្រើសរើសចេញពីបណ្ដាលស្រុកជុំវិញខេត្ត ហើយគ្រួសារមានជីវភាពខ្វះខាត ដើម្បីក្លាយជាសសរទ្រូងគ្រួសារនិងចូលរួមអភិវឌ្ឍន៍សហគមរៀងៗខ្លួននៅតាមបណ្ដាស្រុកទាំងនោះ ក្នុងន័យលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងកាត់បន្ថយការចំណាកស្រុកដោយខុសច្បាប់ និងផ្តោតទៅលើការសិក្សាពេញមួយជីវិត។

ឯកឧត្តម ទៀ សីហា បានចាត់ទុកវគ្គបណ្តុះបណ្តាលនេះថា ពិតជាមានសារៈសំខាន់ណាស់សម្រាប់ស្រទាប់យុវវ័យដើម្បីទទួលបានជំនាញវិជ្ជាជីវៈច្បាស់លាស់ ពាក់ព័ន្ធ​នឹងវិស័យទេសចរណ៍ ស្របពេលដែល អាជ្ញាធរខេត្តបាននិងកំពុងពង្រឹង និងពង្រីកវិសាលភាព នៃការបម្រើសេវាកម្មទេសចរណ៍ក្នុងខេត្តឱ្យកាន់តែល្អប្រសើរតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ការផ្គត់ផ្គង់ អគ្គិសនីប្រព័ន្ធទឹកស្អាត ភ្លើងបំភ្លឺសាធារណៈ ការកែលម្អសោភ័ណភាព តំបន់ក្នុងក្រុងឲ្យកាន់តែមានភាពស្អាតស្រស់បំព្រង ពោរពេញទៅដោយភាពស្អាតតាមទីនានា ដូចជាផ្លូវថ្នលរុក្ខវិធី និងដងស្ទឹង ដែលសក្តិសម «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាកម្មល្អ និងបដិសណ្ឋារកិច្ចល្អ» សំដៅចូលរួមចំណែកកសាងសេដ្ឋកិច្ចសង្គម បង្កើតការងារ បង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តភាព ។

ឯកឧត្តម ប៉ាក់ សុខុម បានផ្តាំផ្ញើរដល់ក្មួយៗសិក្ខាកាមទាំងអស់ខិតខំប្រឹងប្រែងរៀនសូត្រ ស្រូបយកចំណេះដឹង ជំនាញ និងបទពិសោធន៍ពីគ្រូឧទ្ទេស ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងវិជ្ជាជីវៈទេសចរណ៍ ជាពិសេស សូមសំណូមពរឲ្យប្រតិបត្តិករទេសចរណ៍ទាំងអស់ សូមទទួលយកក្មួយៗទាំងអស់ ដើម្បីហ្វឹកហាត់ការងារនៅមូលដ្ឋានអាជីវកម្មរបស់ខ្លួន ក៏ដូចធ្វើការបង្ហាត់បង្ហាញជំនាញបន្ថែមអំឡុងពេលហាត់ការផងដែរ ។
សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេលបណ្តុះបណ្តាល៦ខែ សិក្ខាកាមនឹងទទួលបានមេរៀនទ្រឹស្តីនិងការអនុវត្តន៍ក្នុងថ្នាក់រៀនចំនួន២ខែហើយ៤ខែទៀតជាវគ្គ ហាត់ការតាមមុខជំនាញរៀងៗខ្លួន នៅតាមបណ្តា សណ្ឋាគារ ភោជនីយដ្ឋាន និងក្រុមហ៊ុននានា ក្នុងខេត្តសៀមរាប ។ ចំពោះសិស្សដែលមកពីតំបន់ឆ្ងាយ សមាគមក្លឹបទេសចរណ៍សៀមរាប បានរៀបចំទីកន្លែងនិងផ្ទះស្នាក់ នៅជិតសាកលវិទ្យាល័យអង្គរ មានការយាមកាម និង បទបញ្ជាផ្ទៃក្នុង ច្បាស់លាស់ធានាដល់សុវត្ថិភាព និង សុខមាលភាពរបស់សិក្ខាកាមផងដែរ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។