ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យស្ដីពី ឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិរបស់មន្ដ្រីពន្ធនាគារ ក្រសួងមហាផ្ទៃ

(ភ្នំពេញ) ៖ នាព្រឹកថ្ងៃអង្គារ ១៥កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យស្ដីពី ឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិរបស់មន្ដ្រីពន្ធនាគារ ក្រសួងមហាផ្ទៃ នៅទីស្ដីក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ អគ្គនាយក អគ្គនាយករង អគ្គលេខាធិការ អគ្គលេខាធិការរង អគ្គាធិការ អគារធិការរង ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃជាច្រើនរូបទៀត។

ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គប្រជុំ អំពីដំណើរការនៃការត្រួតពិនិត្យ និងរៀបចំអនុក្រឹត្យស្ដីពី ឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិរបស់មន្ដ្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ស្របតាមតាមមាត្រាទី៨ នៃច្បាប់ ស្ដីពីពន្ធនាគារក្រសួងមហាផ្ទៃដែលចែកថាមន្ដ្រីពន្ធនាគារ ត្រូវមានឯកសណ្ឋាន សណ្ឋាសក្តិ គ្រឿងបំពាក់ ឧបករណ៍ និងសម្ភារ ឱ្យសមស្រប។

ឯកឧត្តមបន្ថែមថា ព្រោះហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលចេញអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិរបស់មន្ដ្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ហើយក្រសួងមហាផ្ទៃ ក៏បានចេញសេចក្ដីប្រកាស ស្ដីពីការកំណត់រូបភាព របៀបប្រើប្រាស់ និងរបបផ្គត់ផ្គង់ ឯកសណ្ឋាន ស្លាកសញ្ញា សញ្ញាសក្តិ និងសម្ភារប្រើប្រាស់ផ្សេងៗ របស់មន្ដ្រីពន្ធនាគារ ក្រសួងមហាផ្ទៃ។

នាកាសនោះ សម្ដេចក្រឡាហោម ស ខេង បានធ្វើការណែនាំដល់អគ្គនាយកដ្ឋានពន្ធនាគារ ត្រូវជ្រើសរើសពណ៌ឯកសណ្ឋាន របស់មន្ដ្រីពន្ធគារក្រសួងមហាផ្ទៃ ឱ្យបានសមស្រប មុនចេញអនុក្រឹត្យជាផ្លូវការ។ សម្ដេចក៏បានថ្លែងអំណរគុណចំពោះ អគ្គនាយកដ្ឋានពន្ធនាគារ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានធ្វើការសិក្សានូវសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិ របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ។

មាត្រា៣នៃសេចក្ដីព្រាងអនុក្រឹត្យ ចែងថា ឯកសណ្ឋានមន្រ្តីពន្ធនាគារ សម្រាប់ប្រើប្រាស់មាន៦ប្រភេទ រួមមាន ឯកសណ្ឋានធំលេខ១ សម្រាប់ប្រើប្រាស់ក្នុងព្រះរាជពិធី និងពិធីបុណ្យជាតិ, ឯកសណ្ឋានធំលេខ២ សម្រាប់ប្រើប្រាស់ក្នុងកម្មវិធីផ្លូវការនានា និងទទួលភ្ញៀវជាតិ និងអន្តរជាតិ, ឯកសណ្ឋានការងារលេខ៣ សម្រាប់ប្រើប្រាស់ក្នុងកម្មវិធីមីទ្ទិញ សិក្ខាសាលា សន្និបាតនានា និងបំពេញការងារប្រចាំថ្ងៃ។

មាត្រាដដែលចែងទៀតថាសម្រាប់ឯកសណ្ឋានការងារលេខ៤ (អាវដៃវែង) សម្រាប់ប្រើប្រាស់ក្នុងពេលបំពេញការងារប្រចាំថ្ងៃ,ឯកសណ្ឋានការងារលេខ៥ (អាវដៃខ្លី) សម្រាប់ប្រើប្រាស់ក្នុងពេលបំពេញការងារប្រចាំថ្ងៃ និងឯកសណ្ឋានលេខ៦ សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការ សន្តិសុខ និងសុវត្ថិភាព។ មាត្រា៤បានចែងថា រូបភាព ម៉ូត ទំហំខ្នាត ពណ៌ និងរបៀបប្រើប្រាស់ឯកសណ្ឋានតាមប្រភេទនីមួយៗ ត្រូវកំណត់ដោយប្រកាសរបស់មន្រ្តីក្រសួងមហាផ្ទៃ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។