ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ាណែត ÷ស្រី្តវ័យ២៧ឆ្នាំ មានផ្ទៃពោះ៨ខែ មានផ្ទុកជំងឺកូវីដ-១៩ធ្ងន់ធ្ងរ ត្រូវបានគ្រូពេទ្យនៅមន្ទីរពេទ្យ ហ្លួង ម៉ែ ជួយសង្គ្រោះបានជោគជ័យសុវត្ថិភាពទាំងម្តាយទាំងកូន

(ភ្នំពេញ) ស្រី្តវ័យ២៧ឆ្នាំ មានផ្ទៃពោះ៨ខែ មានផ្ទុកជំងឺកូវីដ-១៩ធ្ងន់ធ្ងរ ត្រូវបានគ្រូពេទ្យនៅមន្ទីរពេទ្យ ហ្លួង ម៉ែ ជួយសង្គ្រោះបានជោគជ័យសុវត្ថិភាពទាំងម្តាយទាំងកូន ហើយថែមទាំងទទួលបានកាដូដ៏មានតម្លៃមិនអាចកាត់ថ្លៃបានពី ទឹកចិត្តសប្បុរសរបស់លោកជំទាវ ពេជ ចន្ទមុន្នីទៀតផង។
តាមលោក សុង គីមហុង ដែលត្រូវជាស្វាមីស្ត្រីមានផ្ទៃពោះនិងវិជ្ជមានកូវីដ-១៩បានឲ្យដឹងថា ក្នុងគ្រួសារលោកមានអ្នកវិជ្ជមានចំនួន៤នាក់ផ្ទួនគ្នា គឺឱពុកម្តាយក្មេក បងស្រី និងប្រពន្ធរបស់ខ្លួនដែលមានផ្ទៃពោះ៨ទៀតផង ដោយឡែករូបលោកមិនមានវិជ្ជមានទេ។ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ អ្នកវិជ្ជមានទាំង៤នាក់ដែលមានអសយដ្ឋាននៅតាខ្មៅ ត្រូវបានយកទៅព្យាបាលនៅមណ្ឌល ព្យាបាលអូឡាំពិក រហូតដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ភរិយារបស់លោកក៏កាន់តែ ស្ថិតក្នុងសភាពកូវីដ-១៩ធ្ងន់ធ្ងរដែលត្រូវសង្គ្រោះបន្ទាន់។
ភ្លាមៗនោះដំណឹងបានដឹងទៅដល់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត លោកជំទាវបានសម្របសម្រួលឲ្យទៅទទួលការសង្គ្រោះ នៅមន្ទីរពេទ្យគាំពារមាតានិងទារក(ពេទ្យជប៉ុន) ដោយហេតុថាត្រូវសង្គ្រោះកូនក្នុងផ្ទៃ។ លោកជំទាវរង់ចាំដំណឹងឲ្យបា្រកដថា អ្នកជំងឺត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យជប៉ុន រហូតដល់ ម៉ោង២រំលងអាធ្រាតចូលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ទាំងលោកជំទាវមានសុខភាពមិនសូវស្រួល ដោយសារការ ចាក់វ៉ាក់សាំងលើកទី៣។

កិច្ចខឹតខំប្រឹងរបស់គ្រូពេទ្យនៅមន្ទីរពេទ្យជប៉ុន បានបន្តទៅនិងសិក្សាគ្រប់មធ្យោបាយភ្លាមៗផងដែរ។ លោក សុង គីមហុង ជាស្វាមីបានប្រាប់ថា ដោយសារភរិយាលោកមានសភាពខ្សោយពេក ដូចនេះការវះកាត់ត្រូវប្រឈមនឹងបញ្ហាខ្លាំង។ ដោយសារមន្ទីរពេទ្យគាំពារមាតានិងទារក ពុំមានការព្យាបាលកូវីដ-១៩ផងនោះ និងដោយ បានការណែនាំបន្ត ពីលោកជំទាវ បណ្ឌិត ពេជ ចន្ទមុនី្ន អ្នកជំងឺក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហ្លួងម៉ែ ដែលត្រូវបន្តតាមដាន និងព្យាបាលជំងឺកូវីដ-១៩។

លោកឧត្ដមសេនីយ៍ទោ ចាន់ ដារ៉ាវុទ្ធ នាយករងនៃមន្ទីរពេទ្យហ្លួងម៉ែ បានឲ្យដឹងថាអ្នកស្រី ហុង វួចលាង មានវិជ្ជមានកូវីដ-១៩ មានសភាពឈឺពោះសំរាលរួចទៅហើយ ពេលមកដល់មន្ទីរពេទ្យហ្លួងម៉ែ ក្រុមគ្រូពេទ្យជួរមុខ ទាំងអស់ដែលដឹកនាំដោយ លោកវេជ្ជបណ្ឌិត ជួប សម្បត្តិ ជាប្រធានក្រុមគ្រូពេទ្យស្មគ្រ័ចិត្តយុវជនសម្តេចតេជោ (TYDA) ក្រុម២ និងក្រុមសេវា បានប្រជុំពិភាក្សាជាបន្ទាន់និងរាយការណ៍ជូនថ្នាក់ដឹកនាំជ្រាបនិងសុំគោលការណ៍ ខណៈភ្លាមៗនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យបញ្ជូនគ្រូពេទ្យផ្នែកសម្ភពនិងរោគស្ត្រី ដើម្បីមកពិនិត្យ ធ្វើការវះកាត់និងសង្គ្រោះ។

ប្រតិបត្តិការសម្រាលដោយវះកាត់ពីម៉ោង១៩:០០ ដល់២០:៣០នាទី ត្រឹមរយៈពេល១ម៉ោង៣០នាទី ការសម្រាលដោយវះកាត់បានសម្រេចនិងជោគជ័យដែលផ្តល់សុវត្ថិភាពដល់ទាំងម្តាយនិងកូនស្រី មានទំងន់១គីឡូ៨ខាំ ដែលមានសុខភាពធម្មតាមិនតម្រូវដាក់ក្នុងកែវនោះទេ។

លោក សុង គីមហុង ដែលត្រូវជាស្វាមីនិងជាឱពុកបានឲ្យដឹងថា លោក និងក្រុមគ្រួសារពិតជាមានសេចក្តីត្រេកអរ ដែលការវះកាត់បានជោគជ័យហើយនេះជាកូនស្រីដំបូងរបស់លោកនិងភរិយាដែលទើបរៀបការថ្មីថ្មោងបាន១ឆ្នាំជាងនេះ។ កូនស្រីដំបូង ប្រៀបដូចជាចំណងដៃពី ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុនី ដែលបានផ្តល់មកឲ្យគ្រួសារលោក ដោយសេចក្តីអាណិតស្រឡាញ់លោកជំទាវ ថែមទាំងមានសេចក្តីសោមនស្ស ដាក់ឈ្មោះឲ្យកូនស្រីរបស់លោកថា “ទេពធីតា” ដែលជាកាដូពីទឹកចិត្តសប្បុរសមិនអាចកាត់ថ្លៃបានរបស់លោកជំទាវពេជ ចន្ទមុនី្នទៀតផង។ លោកនិងគ្រួសារ សូមលើកម្រាមដៃដប់ គោរពបួងសួងដល់អស់ទេវតា វត្ថុសក្តិសិទ្ធសូមតាមបីបាច់ថៃរក្សាឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុនី ព្រមទាំងបុត្រាបុត្រីជាទីស្រឡាញ់ សូមជួបពរ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ និងសូមថ្លៃងអំណរអរគុណដល់ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ(TYDA) ដែលបានជួយដល់ប្រពន្ធលោកនិងកូនស្រីលោក សូមលោកគ្រូពេទ្យ និងក្រុមការងារទាំងអស់មានសុខភាពល្អ ជោគជ័យធំធេង និងសូមស្ញប់ស្ងែងចំពោះការលះបង់ដើម្បីជួយប្រជាពលរដ្ឋយើង។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។