ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាគាំទ្រពេញទំហឹង ការបង្កើនជំនួយអភិវឌ្ឍន៍ សម្រាប់ទ្រទ្រង់សកម្មភាពកសាងសន្ដិភាព

(ញូវយ៉ក, អាមេរិក)៖ ក្នុងសុន្ទរកថានាសម័យប្រជុំលើកទី៧៨ នៅអង្គការសហប្រជាជាតិ នាថ្ងៃទី​២៣ ខែកញ្ញា​ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាន​បញ្ជាក់ថា ក្នុងនាមជាប្រទេសបញ្ជូនកងទ័ពមួកខៀវ កម្ពុជាគាំទ្រពេញទំហឹងការបង្កើន​ជំនួយ​អភិវឌ្ឍន៍ផ្លូវការ (ODA) សម្រាប់ទ្រទ្រង់សកម្មភាពកសាងសន្ដិភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជាមានការប្ដេជ្ញាចិត្តខ្ពស់ ចំពោះប្រតិបត្តិការ​រក្សាសន្ដិភាពដើម្បីរួមចំណែកដល់ សន្ដិភាព សន្ដិសុខ និងស្ថិរភាពអន្ដរជាតិ ដែលជាកត្តាចាំបាច់​សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា ដើម្បីរួមចំណែកបន្ថែមទៀត ដល់ដំណើរការនេះ កម្ពុជាបានសម្រេចចិត្តឈរឈ្មោះជាសមាជិក នៃគណៈកម្មាធិការរៀបចំ នៃគណៈកម្មការ​កសាង​សន្ដិភាព (OCPBC) សម្រាប់អាណត្តិ២០២៥-២០២៦។ កម្ពុជាសង្ឃឹមថា នឹងទទួលបានការ​គាំទ្រ​សម្រាប់បេក្ខភាពរបស់កម្ពុជានៅក្នុងស្ថាប័ននេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ដូច្នេះ «ជារួមទោះបីជាយើងមានបញ្ហាប្រឈម និង​អស្ថិរភាពច្រើនក៏ដោយ យើងក៏នៅតែអាចកសាងពិភពលោក​ឱ្យកាន់តែប្រសើរសម្រាប់​ទាំងអស់​គ្នាបាន តាមរយៈការធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅរួមរបស់យើង ព្រមទាំងការពង្រឹងទំនុក​ចិត្ត​ទៅវិញទៅមក និងសាមគ្គីភាពជាសកល»។

សម្តេចធិបតី បានបញ្ជាក់ដែរថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុម័ត «សេចក្ដីថ្លែងការណ៍នយោបាយនៃកិច្ចប្រជុំកំពូល នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» និង «សេចក្ដីព្រាងសេចក្ដីសម្រេចនៃកិច្ចប្រជុំកំពូលនៃអនាគត»។

សម្រាប់សម្តេចធិបតី ឯកសារទាំងនេះនឹងជួយឱ្យគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព រក្សាបាន​នូវគន្លងអភិវឌ្ឍន៍របស់ខ្លួនតាមផែនការ និងសម្រេចគោលដៅត្រឹមឆ្នាំ២០៣០។

សូមជម្រាបថា ដល់ឆ្នាំ២០២៣នេះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពជិត ៩ពាន់នាក់ ចេញបំពេញបេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន៩ មានជាអាទិ៍៖ សាធារណ រដ្ឋស៊ូដង់ ស៊ូដង់ ខាងត្បូង ឆាដ អាហ្វ្រិក កណ្តាល លីបង់ ម៉ាលី ស៊ីរី សាយប្រឺស និងយេមែន លើជំនាញបោស​សំអាត​មីន វិស្វកម្ម សំណង់ផ្តេក-បញ្ឈរ អាវុធហត្ថ មន្ទីរពេទ្យកម្រិត២ វិស្វកម្ម ព្រលានយន្តហោះ កំទេចគ្រាប់ មិនទាន់ផ្ទុះ នាយទាហាន សេនាធិការ និងសង្កេតការណ៍យោធា។

បច្ចុប្បន្នកម្លាំងកម្ពុជាចំនួន ៨៧៤នាក់ ក្នុងនោះនារី ចំនួន១៤១នាក់ កំពុងបំពេញបេសកកម្ម នៅ​ប្រទេសចំនួន៤ រួមមាន៖ សាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងម៉ាលី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។