ព័ត៌មានជាតិ

សកម្មភាពទន្ទ្រានកាន់កាប់ដីព្រៃរាប់រយហិកតានៅឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង

(កំពង់ធំ) ប្រភពថ្មីៗពីប្រជាពលរដ្ឋក្នុងឃុំពពកនិងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ បានបង្ហើបឲ្យដឹងថា ដីព្រៃរាប់រយហិកតា​នៅតំបន់ខ្នាយ ភូមិសំបូរ ឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវអ្នកមានលុយអ្នកមានអំណាចប្រើគ្រឿងចក្រឈូសឆាយអស់ជិត១០០ហិកតាទៅហើយ។

អ្វីដែលធ្វើឲ្យប្រជាពលរដ្ឋហួសចិត្តនោះគឺ លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ ធ្វើរបាយការណ៍ភូតភរលោក សុខ លូ អភិបាលខេត្តកំពង់ធំ ថាដីព្រៃដែលគេឈូសឆាយទន្ទ្រានកាន់កាប់នោះជាដីដំបូក និងគល់ឈើចាស់ៗទៅវិញ។

របាយការណ៍ភូតភររបស់លោក ព្រឹម រដ្ឋា​ អភិបាលរងខេត្តកំពង់ធំ គឺជាចេតនា​បិទបាំងសកម្មភាពទន្ទ្រានកាន់កាប់ដីព្រៃយ៉ាងពេញបន្ទុកនៅឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង។

ជុំវិញបញ្ហាខាងលើនេះប្រជាពលរដ្ឋក្នុងឃុំពពក និងឃុំប្រឡាយ បានលើកឡើងថា​ លោក សុខ លូ អភិបាលខេត្តកំពង់ធំ មិនគួរជឿលើរបាយការណ៍ភូតភររបស់លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ នោះទេ។

ដោយហេតុថា ដីព្រៃជិត១០០ហិកតាដែលត្រូវគេឈូសឆាយទន្ទ្រានកាន់កាប់នោះជាដីព្រៃក្រាស់ឃ្មឹក មិនមែនជាដីដំបូកឬគល់ឈើចាស់ៗដូចដែលលោក ព្រឹម រដ្ឋា សសេរក្នុងរបាយការណ៍ភូតភរបិទបាំងការពិតនោះទេ។

ទន្ទឹមនឹងនេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃគួរពិនិត្យមើលទង្វើមិនប្រក្រតីរបស់លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ ដែលឃុបឃិតឲ្យមានបទល្មើសទន្ទ្រានកាន់កាប់ដីព្រៃកើតឡើងយ៉ាងស្រួលៗនៅក្នុងឃុំពពក និងឃុំប្រឡាយស្រុកស្ទោង ខេត្តកំពង់ធំ ផងដែរ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា​ អ្នកធ្វើសកម្មភាពឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃនៅចំណុចខ្នាយ ឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង បានអះអាងប្រាប់មន្ត្រីអាជ្ញាធរពាក់ព័ន្ធថា​ ជាដីដែលគេបានទិញពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

តែការពិតគ្មានប្រជាពលរដ្ឋក្នុងមូលដ្ឋានលក់ទៅឲ្យនរណាឡើយ គឺមន្ត្រីអាជ្ញាធរមូលដ្ឋាននិងមន្ត្រីពាក់ព័ន្ធ ជាពិសេសលោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ ជាអ្នកឃុបឃិតឲ្យអ្នកមានលុយពីភ្នំពេញឈ្មោះ ង៉ូយ វណ្ណាលីន ធ្វើសកម្មភាពទន្ទ្រានកាន់កាប់ដីព្រៃរាប់រយហិកតា​យ៉ាងកំរោល។

ហេតុនេះលោក សុខ លូ អភិបាលខេត្តកំពង់ធំ មិនគួរជឿលើរបាយការណ៍ភូតភររបស់លោក ព្រឹម រដ្ឋា នោះទេហើយគួរចុះទៅពិនិត្យជាក់ស្តែងនិងចាត់វិធានការទ​ប់ស្កាត់ប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលា៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។