ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ​

(កំពង់ចាម) ៖ ឯកឧត្តម​ អ៊ុន​ ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ​ នាព្រឹកថ្ងៃទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣​ ដែលធ្វើឡើងនៅសាលាខេត្តកំពង់ចាម។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ចាម នឹងរៀបចំបណ្តុះបណ្តាលយុវជនយើងនៅលើជំនាញចំនួន ៧ និងផ្តល់ការសិក្សាដល់ យុវជនចំនួន ៤២០នាក់។​ ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​កិច្ចប្រជុំផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ​ នាព្រឹកថ្ងៃទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣​ ។

ឯកឧត្តម អភិបាលខេត្ត បានថ្លែងបន្តថា​ ក្រោមការដឹកនាំរបស់សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញកម្មវិធីបណ្តុះប ណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស សំដៅធ្វើឱ្យយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ មានជីវភាពល្អប្រសើរឡើង ដោយរក្សាបាននូវស្ថិរភាពការងារ កំណើន ផលិតភាព ប្រាក់ចំណូលសមរម្យ លក្ខខណ្ឌការងារល្អប្រសើរ និងចាកផុតពីបន្ទាត់នៃភាពក្រីក្រ​។ ដូច្នេះ តាមរយៈ​កម្មវិធី​នេះ​ខេត្តកំពង់ចាម ទទួលបានបានការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស នៅវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈខេត្ត ដោយមិនបង់ថ្លៃសិក្សា ព្រមទាំងទទួលបាននូវប្រាក់ឧបត្ថម្ភ ប្រចាំខែ ២៨ម៉ឺនរៀល​ ។ ក្រោយពីបញ្ចប់ការសិក្សា យុវជនយើងនឹងទទួលបានចំណេះ និងជំនាញមួយពិតប្រាកដ ដើម្បីប្រកបរបបចិញ្ចឹមជីវិត បង្កើនប្រាក់ចំណូលក្នុងគ្រួសារ បញ្ចៀសបាន​នូវ​ការធ្វើចំណាកស្រុក​ដោយ​ខុសច្បាប់​ ផងដែរ​ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។