ព័ត៌មានជាតិ

ចោរឆក់ខ្សែ-ក ម្នាក់ ត្រូវ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

(ភ្នំពេញ) ៖ កាលពីវេលាម៉ោង ២០និង១៥ នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ មានករណីលួចដោយហិង្សាមានស្ថានទម្ងន់ទោស (ឆក់ខ្សែ-ក) មួយកើតឡើង នៅចំណុចផ្លូវលេខ១៩៩ កែង៣៣៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ​ខណៈដែល ជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវ ស្រាប់តែត្រូវបានជនសង្ស័យជិះមកជិត ហើយធ្វើសកម្មភាពឆក់យកខ្សែ-ក បម្រុងជិះគេចខ្លួន ហើយបានទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យដួល បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង ចុះអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យភ្លាមៗតែម្តង និងចាប់យកវត្ថុតាង ខ្សែក ០១ខ្សែ ប្រគល់ជូនជនរងគ្រោះវិញផងដែរ។

ជនសង្ស័យឈ្មោះ ឡាច ណុច ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ អ្នកចម្រៀងតាមភោជនីយដ្ឋាន បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ឆក់ខ្សែកពីជនរងគ្រោះ នៅចំណុចខាងលើ ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។