ព័ត៌មានជាតិ

ពិធីបិទការបោះជំរុំអាស៊ាន កម្ពុជា ថៃ និងម៉ាឡេស៊ី​ របស់សមាគមទ្រទ្រង់ព្រះធម៌កម្ពុជា

(សៀមរាប) ៖ នាថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧
ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤​ នៅសមាគមទ្រទ្រង់ព្រះធម៌កម្ពុជា​ បានធ្វេីពិធីបិទការបោះជំរុំអាស៊ាន កម្ពុជា ថៃ និងម៉ាឡេស៊ី​ ក្រោមអធិបតីភាព​ លោក​ លី​ សារី​ អភិបាលរង​ខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ និងព្រះសទ្ធម្មប្បកាសនីបណ្ឌិត តាត មហាទី ព្រះរាជាគណៈកិត្តិយស ព្រះធម្មធរអនុគណក្រុងសៀមរាប និងជាព្រះចៅអធិការវត្តអង្គរខាងជើង ជាសាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ ឥន្ទ្រវិជ្ជា និងជានាយកសាខាសាកលវិទ្យាល័យឥន្ទ្រវិជ្ជាខេត្តសៀមរាប​ ដោយមានការចូលរួមពីលោក ព្រំ សម្បត្តិ ប្រធានសមាគមទ្រទ្រង់ព្រះធម៌កម្ពុជា​ ព្រះថេរានុត្ថេរៈគ្រប់ព្រះសង្ឃ​ និងលោក លោកស្រី និងក្មួយៗ ដែលអញ្ជើញចូលរួមទាំងបីប្រទេស រួមមានកម្ពុជា-ថៃ និងម៉ាឡេស៊ី។

ការបោះជំរុំអាស៊ាន ដែលបានរៀបចំទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២ ៤ នាពេលនេះ គឺជាទិវាជួបជុំមូលធនមនុស្សដែលបានអញ្ជើញពីបណ្តាប្រទេសនានាក្នុងតំបន់ អាស៊ាន។ លោកអភិបាលរង​ខេត្ត​ ក៏បានសម្តែងនូវការសោកស្តាយ ចំពោះបណ្តាប្រទេសមួយចំនួន ដែលខកខានក្នុងការមកចូល រួមដោយសារតែពេលវេលាខ្លី និងកត្តាផ្សេងទៀត។ ការអញ្ជើញមកចូលរួមនាពេលនេះ ចាត់ទុកថាជាជំហានប្រវត្តិសាស្រ្តថ្មីមួយបង្ហាញ ពីភាពរឹងមាំ និង​ភាពជាម្ចាស់ការ របស់យើងទាំងអស់ ក្នុងនាមជាប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ក្នុងការរួមគ្នាកសាងធនធានមនុស្សល្អនៅកម្ពុជា និងក្នុងប្រទេសជាសមាជិក ឱ្យកាន់តែល្អប្រសើរ និងមានគុណធម៌ ខ្ពស់ ហើយនឹងរួមគ្នាដឹកនាំ អភិវឌ្ឍន៍មាតុ ប្រទេសរបស់ខ្លួនឆ្ពោះទៅរកអារ្យប្រទេស។ មួយវិញទៀតការរៀបចំកម្មវិធីនេះឡើង ពិតជាបង្ហាញពីស្មារតីមហាសាមគ្គី ដែលយើងចេះរួបរួមសាមគ្គីគ្នាធ្វើរឿងល្អៗ និងសាបព្រោះស្មារតីមនុស្សល្អ ដើម្បីលើកតម្លៃប្រជាជាតិនីមួយៗ ឱ្យកាន់តែមានភាពថ្លៃថ្នូរ ខ្ពង់ខ្ពស់ជាដរាប និងភាពរីកចម្រើនរុងរឿងប្រក ប ដោយចីរភាព។

លោកក៏បានបន្តទៀតថា​ ទាំងអស់នេះ គឺវាពិតជាតម្រូវការចាំបាច់ និងមានសារប្រយោជន៍ខ្លាំងណាស់សម្រាប់ជាតិសាសន៍នីមួយៗ ក្នុងដំណាក់កាលដែលប្រទេសជាតិ បាននិងកំពុងមានសន្ទុះ រីកចម្រើនប្រកបដោយភាពរឹងមាំ ឯករាជ្យម្ចាស់ការរៀងៗខ្លួន ចំពោះជោគវាសនាប្រទេសជាតិ។ មួយវិញទៀតការបោះជំរុំនេះ ជាកម្មវិធីអភិវឌ្ឍសមត្ថភាពយុវជន ដែលមិនអាចខ្វះបានក្នុងការងារអប់រំ ពីព្រោះការបោះជំរុំ ធ្វើឱ្យយុវជន ចេះសង្កេត ចេះពិចារណា ដោយបង្កើនស្មារតីធ្វើការងារជាក្រុម ធ្វើសេចក្តីសម្រេចចិត្តជាសមូហភាព និងបុគ្គលមានទំនួលខុសត្រូវ ក្នុងស្មារតីពង្រឹងមិត្តភាព សាមគ្គីភាព។ ម៉្យាងទៀតការបោះជំរំយុវជន ជាការបង្កលក្ខណៈឱ្យយុវជនបានស្គា ល់នូវភូមិសាស្ត្រ និងភោគផលធម្មជាតិនានា ដែលមាននៅក្នុង មូលដ្ឋាន ពិសេសគឺការផ្លាស់ប្តូរទស្សនៈល្អៗទៅវិញទៅមក។ មួយវិញទៀតយុវជនសម័យឌីជីថល គឺជាយុវជនដែលមានជំនាញច្បាស់លាស់ ចេះទាញយកប្រយោជន៍ពីឌីជីថលមកប្រើប្រាស់ ក្នុងការទំនាក់ទំនង និងអភិវឌ្ឍ សហគមន៍ឱ្យរីកចម្រើន ប្រកបដោយប្រសិទ្ធភាព។ ការយកចិត្តទុក ដាក់ក្នុងការប្រើប្រាស់ថាមពលករកើតឡើងវិញ ក៏ជាបំណិនមួយរបស់យុវជន ដែលត្រូវយកចិត្តទុកដាក់ ដូចជាការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យជាដើម៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។