ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួប ឯកឧត្តម ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មីនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំកម្ពុជា ដែលមាននិវេសនដ្ធាននៅទីក្រុងបាងកក ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្កិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរនាពេលអនាគត

(ភ្នំពេញ) :នាវេលាម៉ោង ១៦:០០ រសៀលថ្ងៃដដែល បន្ទាប់ពីជំនួនជាមួយក្រុមហ៊ុន Agrostudies Agriculture Capacity Building រួចមក ឯកឧត្តមរដ្ឋមន្ត្រីបានទទួលជួប ឯកឧត្តម José Borges dos Santos Júnior ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មីនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ធាននៅទីក្រុងបាងកក ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្កិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរនាពេលអនាគត។

ជាកិច្ចស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការអបអរសាទរជូនចំពោះឯកឧត្តម José Borges dos Santos Júnior ដែលឯកឧត្តមត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមសង្ឃឹមថា ក្នុងអាណត្តិរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋសហព័ន្ធប្រេស៊ីលលើវិស័យកសិកម្មនឹងចាប់ផ្តើមដំណើរការចេញជារូបរាង។

ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណចំពោះកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី ហើយក្នុងឱកាសនោះក៏បានបង្ហាញពីឆន្ទៈ និងជឿជាក់ថានឹងអាចរួមគ្នាជាមួយឯកឧត្តមរដ្ឋមន្ត្រីចាប់ផ្តើមដំណើរការកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរប្រកបដោយផ្លែផ្កា។ ឯកឧត្តមឯកអគ្គរដ្ឋទូតបន្ថែមថា កិច្ចសហប្រតិបត្តិការនេះនឹងអាចចាប់ផ្តើមតាមរយៈទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមរដ្ឋមន្ត្រី ដើម្បីចូលរួមជាភ្ញៀវកិត្តិយសក្នុងកិច្ចប្រជុំគោលនយោបាយកសិកម្មក្នុងតំបន់ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសប្រេស៊ីលនាខែសីហា ខាងមុខនេះ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីសន្យាថានឹងពិនិត្យលទ្ធភាពក្នុងការចូលរួមកិច្ចប្រជុំដ៏មានសារសំខាន់ខាងលើនេះ ហើយលោកនឹងអញ្ជើញវិស័យឯកជនដែលកំពុងវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជាចូលរួមក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ ដើម្បីផ្តល់ឱកាសឲ្យវិស័យឯកជននៃប្រទេសទាំងពីរអាចជួបគ្នា ផ្លាស់ប្តូរបទពិសោធ និងជាពិសេសច្បាមយកបច្ចេកទេស និងបច្ចេកវិទ្យាថ្មីទំនើបក្នុងការកែច្នៃ វេច ខ្ចប់ និងការរៀបចំទីផ្សារ ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាកាន់តែមានភាពរីកចម្រើនថែមទៀត។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។