ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង និងក្រុមគ្រួសារ បានអញ្ជើញចូលរួមជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ក្នុងពិធីពិនិត្យព្យាបាលជម្ងឺដោយឥតគិតថ្លៃ

(ព្រៃវែង) :នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងក្រុមគ្រួសារ បានអញ្ជើញចូលរួមជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ក្នុងពិធីពិនិត្យព្យាបាលជម្ងឺដោយឥតគិតថ្លៃ នៅសាលាបឋមសិក្សាក្របៅចាស់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណៈបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង និងលោកជំទាវ ដែលមានការអញ្ជើញចូលរួមពីបងប្អូនប្រជាពលរដ្ឋជាង ២,៥០០នាក់ ស្ថិតនៅឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត និងក្រុមគ្រួសារ សូមសម្តែងនូវការគោរពស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតី ក្នុងពិធីពិនិត្យព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជាពិសេស នៅស្រុកកំចាយមារ ខេត្តព្រៃវែង នាពេលនេះ ព្រោះថា វិស័យសុខាភិបាលបានកាន់តែរីកចម្រើនកាន់តែប្រសើរដោយមានទាំងប្រព័ន្ធសុខាភិបាលរដ្ឋ ឯកជន អង្គការមនុស្សធម៌ និងក្រុមការងារផ្សេងៗរួមគិត រួមធ្វើ រួមទទួលខុសត្រូវ ជាមួយគ្នាដើម្បីសុខភាពរាស្ត្រ និងសុខមាលភាពសង្គមទាំងមូល។

សារជាថ្មីម្តងទៀត ឯកឧត្តមអភិបាលខេត្ត និងក្រុមគ្រួសារ សូមប្រសិទ្ធិពរជ័យជូនសម្តេចក្រឡាហោម និងលោកជំទាវ ជាមួយគណៈប្រតិភូអមដំណើរ និងអ្នកចូលរួមនៃអង្គពិធីទាំងមូល បានជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន ចៀសផុតពីគ្រោះកាចទាំងឡាយ និងបានប្រកបនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពល: កុំបីឃ្លៀងឃ្លាត។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។