ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនីជិត២ម៉ឺននាក់ជាបន្តទៀត នៅស្រុកអង្គស្នួល ខេត្តកណ្ដាល

(កណ្ដាល) ៖ នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ១៨,២៥៥នាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានមកជួបក្មួយៗចៅៗ កម្មករ កម្មការិនីទាំងអស់ដែលកំពុងបម្រើការងារនៅរោងចក្រក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាលនេះ។ សម្តេចតេជោបានមានប្រសាសន៍ថា សម្ដេចមានការសប្បាយរីករីកចំពោះសមិទ្ធផលនានា ដែលសម្រេចបានចំពោះបងប្អូនកម្មករនិយោជិតដែលរាជរដ្ឋាភិបាលបានធ្វើនាពេលកន្លងមក ជាពិសេសការទប់ស្កាត់ការឆ្លង់រីករាលដាលជំងឺកូវីដ-១៩ នៅក្នុងរោងចក្រ ដោយបងប្អូនកម្មករនិយោជិតបានចាក់វ៉ាក់សាំងកូវីដ-១៩ គ្រប់ៗគ្នា។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ជាថ្មីថា ក្នុងអំឡុងពេលឃោសនាបោះឆ្នោត សម្តេចនឹងផ្អាកធ្វើការចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតមួយរយៈ ដើម្បីកុំឲ្យមានបញ្ហាជាមួយនឹងច្បាប់របស់គ.ជ.ប. ហើយក្រោយការបោះឆ្នោតសម្តេចនឹងបន្តជួបទៀត ​ដើម្បីពិនិត្យមើលវឌ្ឍនភាពនៅតាមរោងចក្រ សហគ្រាស់នានាជាបន្តទៀត។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រកាសឧបត្ថម្ភដល់ មន្រ្ដីរាជការ មន្រ្ដីកម្មសិក្សា និងជាប់កិច្ចសន្យាទាំងអស់ ឱ្យទទួលបានអត្ថប្រយោជន៍ការឧបត្ថម្ភ លើកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្ដីមានផ្ទៃពោះ រហូតដល់កុមារអាយុក្រោម២ឆ្នាំដូចកម្មការិនីរោងចក្រដែរ។ រីឯស្រ្ដីដែលជាកងទ័ពសម្ដេចតេជោ ក៏ប្រកាសឧបត្ថម្ភផងដែរ ប៉ុន្ដែចំណុចនេះសម្ដេចត្រូវពិភាក្សាបន្ថែមនាពេលខាងមុខនេះ។ សម្តេចតេជោអត់មានប្រសាសន៍បន្តទៀតថាគោលនយោបាយគាំពារសង្គមត្រូវបានរាជរដ្ឋាភិបាលដាក់ចេញជាបន្តបន្ទាប់ ដើម្បីការពារនូវសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បើមានប្រសាសន៍បញ្ជាក់ថា អ្វីដែលសម្ដេចចង់បានបំផុត គឺធ្វើយ៉ាងម៉េចឱ្យរោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ។ ដោយការអនុវត្តបែបនេះបាន គឺត្រូវធ្វើយ៉ាងម៉េចកុំឱ្យក្នុងរោងចក្រមានហិង្សា កុំឱ្យមានការចែកចាយគ្រឿងញៀន ហើយបើមានបញ្ហាអ្វីត្រូវពន្លឿនក្នុងការដោះស្រាយបញ្ហាផ្សេងៗទៀតជាមួយកម្មករ។ ជាថ្មីម្ដងទៀត សម្តេចតេជោបានមានប្រសាសន៍ ចំពោះការផ្ទុះឡើងវិញនូវជំងឺអេដស៍នៅកម្ពុជានាពេលបច្ចុប្បន្ន ដោយសម្តេចសូមធ្វើការអំពាវនាវដល់អ្នកស្រលាញ់ភេទដូចគ្នាមានការប្រុងប្រយ័ត្នបន្ថែម ខណៈការផ្ទុះជំងឺអេដស៍ឡើងវិញនេះគឺកើតចេញពីបុរសស្រលាញ់បុរសដូចគ្នា។

ទាក់ទងទៅនឹងបញ្ហាសន្តិសុខសង្គម សម្តេចតេជោផ្ដាំផ្ញើទៅអ្នកលេងហ្វេសប៊ុកទាំងអស់ ហាមដាច់ខាតយករឿងសន្ដិសុខជាតិមកបង្ហោះលេងលើហ្វេសប៊ុក។ ការបញ្ជាក់របស់សម្ដេចបែបនេះ បន្ទាប់ពីមានអ្នកលេងហ្វេសប៊ុកមួយចំនួនបានយកករណីយន្តហោះគ្មានមនុស្សបើកចូលឈ្លានពានដែនដីកម្ពុជានេះ មកភ្ជាប់ជាមួយរូបភាពយន្តហោះពាណិជ្ជកម្មនៅលើបណ្ដាញសង្គម ដែលជាព័ត៌មានក្លែងក្លាយ។

នៅថ្ងៃនេះផងដែរ សម្តេចតេជោ ហ៊ុន សែន ប្រកាសយកបណ្ដាញតេឡេក្រាម (telegram) ជាបណ្ដាញផ្សព្វផ្សាយផ្លូវការចំបងលើការផ្សាយចេញនូវព័ត៌មាន រាប់ទាំងការផ្សាយផ្ទាល់ផងដែរ ខណៈពេលនេះមានពលរដ្ឋចូលចិត្ត និងចូលគាំទ្រជាង ៨៥ ម៉ឺននាក់បានភ្ជាប់ចូលរួចហើយ។ ការប្រកាសរបស់សម្ដេចតេជោ បែបនេះបន្ទាប់ពីសម្ដេចពិនិត្យឃើញថាការប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គម telegram មានប្រសិទ្ធភាពខ្ពស់ជាងប្រៀបធៀបជាមួយ Facebook។

នៅថ្ងៃនេះ សម្តេចតេជោបានជម្រាបជូនចំពោះប្រជាពលរដ្ឋគ្រប់ទីកន្លែងទាំងអស់ថា បន្ទាប់ពីមានបទពិសោធន៍ពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានកសាងមន្ទីរពេទ្យមួយដែលមានសមត្ថភាពទទួលអ្នកជំងឺរហូតដល់១ម៉ឺនគ្រែ សម្រាប់១ម៉ឺននាក់ គឺមន្ទីរពេទ្យ «តេជោសន្ដិភាព» ដែលនេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយមិនទុកប្រជាពលរដ្ឋណាម្នាក់ចោលឡើយ។សម្តេចតេជោក៏បានប្រកាសអញ្ជើញកម្មករ-កម្មការិនីទៅទទួលពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យថ្មីដែលរាជរដ្ឋាភិបាលទើបសាងសង់រួច គឺ «មន្ទីរពេទ្យតេជោសន្ដិភាព» ដែលមិនគិតថ្លៃ ខណៈមន្ទីរពេទ្យនេះមានសមត្ថភាពទទួលអ្នកជំងឺ១ម៉ឺនគ្រែ។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់បងប្អូនកូនក្មួយ កម្មករ កម្មការិនីទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន ជាពិសេសកម្មការិនីដែលមានផ្ទៃពោះសូមឲ្យទទួលបាននូវសុខភាពល្អ ទាំងម្ដាយ និងកូននៅពេលសម្រាលហើយក៏បានផ្ដល់ជាថវិកា
សម្រាប់ស្ត្រីមានផ្ទៃពោះចំនួន៤៩៣នាក់ ក្នុងម្នាក់ៗ ២០០ដុល្លារ ក្នុងនោះមានស្ត្រីមានកូនភ្លោះ២ ចំនួន៥នាក់ ក្នុងម្នាក់ៗ ចំនួន៤០០ដុល្លារផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។