ព័ត៌មានជាតិ

អាជ្ញាធរខេត្តសៀមរាប នាំយកទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃនៅវត្តអារញ្ញសាគរ ក្នុងថ្ងៃបិណ្ឌទី២

(សៀមរាប) ៖ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣នេះ លោក ពិន ប្រាកដ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោកជំទាវ រួមនិងមន្ត្រីរាជការក្នុងខេត្ត បាននាំយកទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃ ស្ថិតនៅវត្តអារញ្ញសាគរ ក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប ដើម្បីចូលរួមកាន់បិណ្ឌ ជាមួយបងប្អូនប្រជាពុទ្ធបរិស័ទនៅវេនទី២ នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។

គួររំឭកថា ពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីធំៗផ្សេងទៀតរបស់ខ្មែរ ដែលមានតាំងពីបុរាណកាល រហូតមកដល់សម័យបច្ចុប្បន្ននេះ។ ជាមួយនោះ ប្រជាជនខ្មែរ តែងប្រារព្ធពិធីបុណ្យនេះ មិនដែលអាក់ខានម្តងណាឡើយ លើកលែងតែក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតកាន់កាប់តែប៉ុណ្ណោះ។

ក្នុងឱកាសនោះដែរ លោក អភិបាលរងខេត្ត និង អ្នកចូលរួមទាំងអស់ បានធ្វើពិធីរាប់បាត្រ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ត ចំពោះមាតាបិតា ជីដូនជីតា និង ញាតិកាលទាំង ៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ និងបានឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារកសាង អភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា សូមមកទទួលនូវផល្លានិសង្ឃ ដែលបានឧទ្ទិសជូនតាមរយៈព្រះសង្ឃ ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនេះ និង សូមឲ្យអំណាចនៃអានិសង្ឃនេះជួយទ្រទ្រង់ឲ្យវិញ្ញាណក្ខន្ធអ្នកទាំងនោះ បានទៅកាន់ទីឋានបរមសុខកុំបីឃ្លៀងឃ្លាត ក្នុងឋានសុគតិភពកុំបីខានឡើយ។

ព្រះវិសារទោ ហ៊ាក់ គឹមហ៊ត់ ព្រះគ្រូចៅអធិការវត្តអារញ្ញសាគរ មានសង្ឃដិកាឱ្យដឹងថា ពិធីបុណ្យភ្ជុំបិណ្ឌនេះ មានអត្ថន័យ៣យ៉ាង គឺ ៖ ទី១. ធ្វើឡើងដើម្បីឧទ្ទិសចំពោះមាតាបិតា ជីដូនជីតា ញាតិការទាំង៧សន្ដាន ដែលបានធ្វើមរណៈកាលទៅ ពិសេសដល់ពពួកប្រេតនរកទាំងឡាយ ទោះញាតិសន្ដានក្ដី ឬអ្នកដទៃក្ដី , ទី២. ធ្វើដើម្បីសន្សំកុសលផលបុណ្យ សុំសេចក្ដីសុខចម្រើន ដែលបានកើតពីផលទានខ្លួនឯង និង ទី៣. ធ្វើដើម្បីរួមចំណែកលើកស្ទួយសាសនា ជាតិរបស់ខ្លួន រួមចំណែកថែរក្សាប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ ពិសេស ដើម្បីបង្កើតនូវសាមគ្គីភាព សាមគ្គីធម៌ផងដែរ។

សូមបញ្ជាក់ផងដែរថា ទេយ្យវត្ថុដែលបានយកទៅប្រគេនព្រះសង្ឃនាពេលនោះ រួមមាន បច្ច័យ ១ ៥០០ ០០០រៀល អង្គរ ២៥០គ.ក ត្រីខកំប៉ុង ១កេស មី ៥កេស ស្ករ ១០គ.ក ទឹកស៊ីអ៊ីវ និងទឹកត្រី ៨យូរ ទឹកបរិសុទ្ធ និងទឹកក្រូច ២០កេស រួមនិងទេយ្យវត្ថុមួយចំនួនទៀត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។