ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គិតគូរដោះស្រាយបញ្ហាប្រឈមនានា ឱ្យបានត្រឹមឆ្នាំ ២០២៨

(ភ្នំពេញ) ៖ នាឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធី «វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី ១៩ នៅវិមានសន្តិភាពនៃទីស្តីការគណៈរដ្ឋមន្រ្តីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣» សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងជំរុញឱ្យគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គិតគូរពីការរៀបចំកម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង, បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ សម្រាប់រយៈពេល ៤ឆ្នាំ គឺពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៨។

ទន្ទឹមនឹងនេះ គណៈកម្មាធិការក៏ត្រូវរួមបញ្ចូលផងដែរនូវការគិតគូរដោះស្រាយបញ្ហាធំៗមួយចំនួន ដែលវិស័យឯកជន បានលើកឡើង មានជាអាទិ៍៖
– ការអភិវឌ្ឍធនធានមនុស្ស និងបណ្តុះបណ្តាលវិជ្ជាជីវៈ
– ការជំរុញការអភិវឌ្ឍសហគ្រាសធុនមីក្រូ, តូច និង មធ្យម
– ការបង្កើនភាពទាក់ទាញសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស
– ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង
– ការអនុវត្តផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង
– ការជំរុញការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យទេសចរណ៍
– ការជំរុញការអភិវឌ្ឍឧស្សាហកម្មថ្មីៗ ដូចជា វិស័យយានយន្ត និង អេឡិចត្រូនិកកម្ពុជា ជាដើម
– កិច្ចសម្រួលពាណិជ្ជកម្ម ជាពិសេសការជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីកាត់បន្ថយឱ្យអស់នូវការប្រើប្រាស់ឯកសារនាំចេញនាំចូល ក្នុងទម្រង់រឹង ឱ្យបានក្នុងរយៈពេល ៤ ឆ្នាំ
– ការអភិវឌ្ឍការដឹកជញ្ជូនតាមផ្លូវដែកដែលមានបច្ចុប្បន្ន ឱ្យមានប្រសិទ្ធភាព និង ថ្លៃសមរម្យ
– ការជំរុញការកែសម្រួលឱ្យកាន់តែមានភាពប្រកួតប្រជែងបន្ថែមទៀត នូវបរិយាកាសធុរកិច្ច និងការវិនិយោគ ជាដើម៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។